សហភាពអឺរ៉ុបពន្យារទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ារយៈពេលមួយឆ្នាំទៀត ដើម្បីបន្តដាក់សម្ពាធលើរបបយោធា (Video inside)
27-04-2026 18:57
(ព្រុច
ល)៖ សហភាពអឺរ៉ុប (EU) នាថ្ងៃចន្ទនេះ បានសម្រេចពន្យារពេលនៃការអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា រហូតដល់យ៉ាងហោចណាស់ខែឧសភា ឆ្នាំ២០២៧ ក្នុងគោលបំណងបន្តដាក់សម្ពាធលើមេដឹកនាំយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីជាង ៥ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វិធានការទណ្ឌកម្មទាំងនេះ រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការហាមឃាត់ការលក់អាវុធ ដែលអនុវត្តចំពោះបុគ្គលចំនួន ១០៥រូប និងអង្គភាពចំនួន ២២។ ក្រុមប្រឹក្សា EU បានបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការរឹតត្បិតលើសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ មនុស្សយ៉ាងហោចណាស់ ៣,៦លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ចំណែកឯអ្នកស្លាប់មានចំនួនជិត ៨,០០០នាក់ និងមនុស្សជាង ២២,០០០នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការឃុំខ្លួន។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងបន្តផ្អាកការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ដល់រដ្ឋបាលយោធា ដើម្បីជៀសវាងរាល់សកម្មភាពណាដែលត្រូវបានគេមើលឃើញថាជាការទទួលស្គាល់ភាពស្របច្បាប់នៃរបបដឹកនាំរបស់លោក មីន អោងឡាំង៕







