អធិការបតីអាល្លឺម៉ង់ថា អ៊ីរ៉ង់កំពុងធ្វើឱ្យអាមេរិកអាម៉ាស់មុខ ខណៈកិច្ចចរចាសន្តិភាពជួបភាពជាប់គាំង (Video inside)
27-04-2026 20:36
(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រ៊ីដរិច មឺស (Friedrich Merz) នាថ្ងៃចន្ទនេះបានលើកឡើងថា ថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់មុខ តាមរយៈការធ្វើឱ្យមន្ត្រីអាមេរិកធ្វើដំណើរទៅចរចានៅប្រទេសប៉ាគីស្ថាន ហើយត្រូវត្រឡប់មកវិញដោយគ្មានលទ្ធផលអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក មឺស បានលើកឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់និស្សិតថា លោកមិនទាន់ឃើញយុទ្ធសាស្ត្រចាកចេញច្បាស់លាស់ណាមួយដែលសហរដ្ឋអាមេរិកកំពុងអនុវត្តក្នុងសង្គ្រាមនៅអ៊ីរ៉ង់នោះទេ ដែលមតិរិះគន់នេះបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាយ៉ាងជ្រៅរវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប។ លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ពិតជាមានជំនាញខាងចរចា ឬនិយាយឱ្យចំគឺពូកែខាង «មិនចរចា» ដើម្បីអូសទាញឱ្យអាមេរិកធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ហើយចាកចេញទៅវិញដោយដៃទទេ ដែលជាការបន្ទាបបន្ថោកដល់មហាអំណាចអាមេរិក។
មេដឹកនាំអាល្លឺម៉ង់រូបនេះក៏បានបញ្ជាក់ដែរថា ប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប មិនត្រូវបានសហរដ្ឋអាមេរិកផ្តល់ដំណឹង ឬពិភាក្សាជាមុនឡើយ មុនពេលអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោកបានប្រៀបធៀបស្ថានការណ៍បច្ចុប្បន្នទៅនឹងការផ្ទុះសង្គ្រាមរបស់អាមេរិកនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានកាលពីអតីតកាល ខណៈក្តីសង្ឃឹមសន្តិភាពកំពុងថមថយ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានលុបចោលការបញ្ជូនប្រេសិតរបស់លោកទៅកាន់ប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន៕




