លោក ពូទីន បញ្ជាក់ពីការគាំទ្រចំពោះអ៊ីរ៉ង់ និងបង្ហាញបំណងចង់ឃើញសន្តិភាពកើតមានក្នុងពេលឆាប់ៗ

27-04-2026 21:24

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃចន្ទនេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី ក្នុងទីក្រុងសាំងពិតធឺស្បឺក ដោយលោកបានបង្ហាញក្ដីសង្ឃឹមថា ប្រជាជនអ៊ីរ៉ង់នឹងអាចជម្នះ «ដំណាក់កាលដ៏លំបាក» នេះបាន ហើយសន្តិភាពនឹងកើតមានឡើងក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងជំនួបនោះ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីបម្រើដល់ផលប្រយោជន៍របស់អ៊ីរ៉ង់ និងប្រជាជនក្នុងតំបន់ សំដៅធានាឱ្យបាននូវសន្តិភាពយ៉ាងឆាប់រហ័សបំផុត។ លោកក៏បានឆ្លៀតឱកាសផ្ញើសារអរគុណដល់មេដឹកនាំកំពូលអ៊ីរ៉ង់ និងបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា រុស្ស៊ីមានបំណងបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំថែមទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេល ២០ឆ្នាំ ខណៈដែលរុស្ស៊ីក៏កំពុងជួយសាងសង់រោងចក្រនុយក្លេអ៊ែរថ្មីឱ្យអ៊ីរ៉ង់ផងដែរ។ រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ហើយបានស្នើខ្លួនធ្វើជាអ្នកសម្របសម្រួលដើម្បីស្ដារសន្តិភាពនៅមជ្ឈិមបូព៌ាឡើងវិញ រួមទាំងការស្នើទទួលរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់របស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយភាពតានតឹង។ ជាការឆ្លើយតប លោក អារ៉ាក់ជី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទីក្រុងមូស្គូ និងបានបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះនឹងបន្តរីកចម្រើនឥតឈប់ឈរ៕​