អ៊ុយក្រែនព្រមានចាត់វិធានការលើអ៊ីស្រាអែល ប្រសិនបើអនុញ្ញាតឱ្យនាវាដឹកស្រូវសាលីដែលរុស្ស៊ី «លួច» ពីទឹកដីខ្លួនចូលចត (Video inside)
27-04-2026 22:47
(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែនបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា អ៊ីស្រាអែលនឹងត្រូវប្រឈមមុខនឹងចំណាត់ការការទូត និងផ្លូវច្បាប់ជាអន្តរជាតិ ប្រសិនបើអនុញ្ញាតឱ្យនាវាដឹកស្រូវសាលីដែលរុស្ស៊ី «លួច» ចេញពីទឹកដីអ៊ុយក្រែន ចូលចតនៅកំពង់ផែហៃហ្វា (Haifa)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមសេចក្តីរាយការណ៍ពីសារព័ត៌មានអ៊ីស្រាអែល Haaretz នាវាឈ្មោះ Panormitis ដែលដឹកស្រូវសាលីចេញពីតំបន់ត្រួតត្រារបស់រុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន កំពុងរង់ចាំការអនុញ្ញាតដើម្បីចូលចតនៅកំពង់ផែ Haifa។ ប្រភពការទូតអ៊ុយក្រែនបានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ប្រសិនបើនាវានេះ និងទំនិញរបស់វាមិនត្រូវបានបដិសេធទេនោះ យើងរក្សាសិទ្ធិក្នុងការប្រើប្រាស់គ្រប់មធ្យោបាយការទូត និងច្បាប់អន្តរជាតិដើម្បីឆ្លើយតប»។
ភាគីអ៊ុយក្រែនបានរិះគន់ថា ទង្វើនៃការនាំចូលទំនិញដែលត្រូវបានលួចយកដោយខុសច្បាប់បែបនេះ គឺជាជារឿងដែលមិនអាចទទួលយកបានឡើយ។ បើតាមសារព័ត៌មាន Haaretz នាវាដឹកស្រូវសាលីចំនួន ៤គ្រឿងដែលនាំចេញពីតំបន់ជម្លោះក្នុងអ៊ុយក្រែន ត្រូវបាននាំចូលមកកាន់អ៊ីស្រាអែលរួចជាស្រេចហើយក្នុងឆ្នាំនេះ។ អ៊ុយក្រែនបានសង្កត់ធ្ងន់ថា ខ្លួនកំពុងតាមដាននាវាខាងលើនេះយ៉ាងដិតដល់ និងបានព្រមានថា ការអនុញ្ញាតឱ្យនាវានេះចូលចត នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងទ្វេភាគីរវាងអ៊ុយក្រែន និងអ៊ីស្រាអែល៕




