មន្ត្រីអាមេរិកថាលោក ត្រាំ មិនពេញចិត្តនឹងសំណើរបស់អ៉ីរ៉ង់នោះទេ (Video inside)
28-04-2026 08:53
(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនពេញចិត្តនោះទេចំពោះសំណើថ្មី មួយរបស់អ៉ីរ៉ង់ឡើយ ក៏ព្រោះតែវាមិនបានដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅបានរាយការណ៍ថា អ៉ីរ៉ង់បានផ្ដល់សំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាម។ Axios ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះចំនួន២ ដែលបានដឹងពីសំណើថ្មីខាងលើរបស់អ៉ីរ៉ង់ បានឱ្យដឹងទៀតថា នៅក្រោមសំណើថ្មីដែលត្រូវបានបញ្ជូនទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន គឺផ្តោតជាសំខាន់ទៅលើការដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz និងការបិទខ្ទប់ របស់សហរដ្ឋអាមេរិកជាមុនសិន។
ជាផ្នែកនៃសំណើថ្មីនេះដែរ បទឈប់បាញ់នឹងត្រូវពន្យារបន្ថែមរយៈពេលវែង ឬក៏ភាគីទាំងសងខាងនឹងយល់ព្រមលើការបិទបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។ និយាយជារួម កិច្ចចរចានុយក្លេអ៊ែរអាចធ្វើទៅកើតនៅពេលក្រោយ បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ ហើយការបិទខ្ទប់ត្រូវបានដកចេញ។
តាមមន្ត្រីអាមេរិកខាងលើដដែល លោក ត្រាំ បានពិភាក្សាលើសំណើថ្មីរបស់អ៉ីរ៉ង់ជាមួយក្រុមមន្ត្រីសន្តិសុខកំពូលៗរបស់លោក។ តែលោកបានបង្ហាញការមិនពេញចិត្ត ចំពោះសំណើថ្មីនេះទេ ក៏ព្រោះតែវាមិនបានដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ លោក ត្រាំ បានទទូចជារឿយៗថាអ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត៕




