ក្រុមតាលីបង់អាហ្វហ្កានីស្ថាន ថាមានប្រយុទ្ធគ្នាជាមួយប៉ាគីស្ថានឡើងវិញ តែប៉ាគីស្ថានបដិសេធ (Video inside)

28-04-2026 11:14

(កាប៊ុល)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន បានអះអាងថា ការប្រយុទ្ធគ្នាជាមួយប៉ាគីស្ថាន បានកក្រើកឡើងវិញ និងកំពុងគំរាមកំហែងដល់កិច្ចរចាសន្តិភាពដ៏ផុយស្រួយ ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថាន បានទាត់ចោល ដោយហៅវាថាជាការឃោសនា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦។

តាលីបង់និយាយថា ការវាយប្រហារដោយកាំភ្លើងត្បាល់ និងរ៉ុក្កែត ពីសំណាក់ប៉ាគីស្ថានប្រឆាំងអាហ្វហ្កានីស្ថាន បានសម្លាប់មនុស្ស ៤នាក់ និងរបួសច្រើនជាង ៧០នាក់។ អ្នកនាំពាក្យរងលោក Hamdullah Fitrat បញ្ជាក់ថា សិស្សប្រហែល ៣០នាក់មានស្រ្តី និងកុមារបានរងរបួសដោយការវាយប្រហារ កំណត់គោលដៅលើផ្ទះសម្បែង និងសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Asadabad ខេត្ត Kunar។

តាមរយៈបណ្តាញ X ក្រសួងព័ត៌មានប៉ាគីស្ថាន បានលើកឡើងថា វាជាព័ត៌មានមិនពិត ហើយថានៅពេលណា ឬកន្លែងណាដែលប៉ាគីស្ថាន ធ្វើសកម្មភាពវាយប្រហារហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន វានឹងមានការប្រកាសយ៉ាងពេញលេញ ជាមួយភស្តុតាងច្បាស់លាស់។ យោធាប៉ាគីស្ថាន មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលច្រើនឆ្នាំ បានផ្ទុះឡើងកាលពីខែកុម្ភៈ ដោយសារតែការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន ចូលទឹកដីអាហ្វហ្គានីស្ថាន ដែលទីក្រុងអ៉ីស្លាម៉ាបាដ ថាជាការកំណត់គោលដៅលើបន្ទាយយោធារបស់ពួកសកម្មប្រយុទ្ធ។

កាលពីខែមុន មនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់ប៉ាគីស្ថាន លើមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមួយកន្លែង នៅទីក្រុងកាប៊ុល មុនពេលផ្អាកការប្រយុទ្ធគ្នា។ នេះបើតាមក្រុមតាលីបង់៕