រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល ព្រមានមេដឹកនាំក្រុមហេសបូឡា ថាកំពុងប្រឡែងលេងជាមួយភ្លើង (Video inside)

28-04-2026 13:10

(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ បានព្រមានថា ភាពរឹងទទឹងរបស់ហេសបូឡា នឹងនាំមកនូវផលវិបាកយ៉ាងអន្តរាយសម្រាប់លីបង់ បន្ទាប់ពីមេដឹកនាំក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់មួយនេះ បានបន្តមិនទទួលយកកិច្ចចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឯកអគ្គរដ្ឋទូតលីបង់និងអ៉ីស្រាអែលប្រចាំសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំ២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបពិភាក្សាផ្ទាល់លើកដំបូង គិតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជំនួបលើកទីមួយ បាននាំឱ្យមានបទឈប់បាញ់ក្នុងសង្រ្គាម​រវាងអ៉ីស្រាអែលនិងហេសបូឡា ដែលបានចាប់ផ្តើមកាលពីដើមខែមុន ខណៈទីក្រុងបេរូតឥឡូវកំពុងត្រៀមខ្លួន សម្រាប់កិច្ចចរចាផ្ទាល់​ ក្រោមគោលដៅឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល។ ជាផ្លូវការប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពមានសង្រ្គាមនឹងគ្នា ចាប់តាំងតែពីឆ្នាំ១៩៤៨។

លោក Katz បាននិយាយថា មេដឹកនាំហេសបូឡា លោក Naim Qassem កំពុងតែប្រឡែងលេងជាមួយភ្លើង ហើយភ្លើងមុខជា​នឹងឆាបឆេះហេសបូឡា រួមជាមួយប្រទេសលីបង់ទាំងមូល។ លោក Katz បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលលីបង់ ចាំបាច់ត្រូវតែរំសាយអាវុធរបស់ហេសបូឡា ដោយចាប់ផ្តើមពីនៅភាគខាងត្បូងលីបង់ ព្រោះអ៉ីស្រាអែលមិនអាចទទួលយកដាច់ខាតនូវ​ស្ថានការណ៍មួយ ដែលមានបទឈប់បាញ់នៅលីបង់ ទន្ទឹមគ្នាជាមួយ សកម្មភាពបន្តវាយប្រហារមកលើកងកម្លាំងអ៉ីស្រាអែល និងសហគមន៍​នៅភាគខាងជើងអ៉ីស្រាអែល។

គួរបញ្ជាក់ថា ការព្រមានរបស់លោក Katz ធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីលោក Qassem បានប្រកាសថា កិច្ចចរចាផ្ទាល់របស់​រដ្ឋាភិបាលលីបង់ ជាមួយអ៉ីស្រាអែល ស្មើនឹងការសាងបាបកម្មដ៏ធ្ងន់ធ្ងរមួយ។ ក្រុមហេសបូឡា បានទាញលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាម​សាជាថ្មីកាលពីថ្ងៃទី២ ខែមីនា ក្រោយពួកគេបាញ់រ៉ុក្កែតដាក់អ៉ីស្រាអែល ដើម្បីសងសឹកការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei ក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដែលបង្កឱ្យផ្ទុះសង្រ្គាមឆាបឆេះនៅ​មជ្ឈិមបូព៌ា៕