បេសកជនអ៉ីរ៉ង់៖ អ៉ីរ៉ង់ចង់បានការធានារឹងមាំថា ខ្លួននឹងលែងរងការវាយប្រហារជាថ្មី មុនពេលតំបន់ឈូងសមុទ្រអារ៉ាប់ អាចមានស្ថិរភាពឡើងវិញ (Video inside)

28-04-2026 13:51

(យូអិន)៖ កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ បេសកជនអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថា ប្រទេសអ៉ីរ៉ង់ ត្រូវការការធានាថា ខ្លួននឹងមិនរងការវាយប្រហារថ្មីទៀតនាពេលអនាគត ពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល មុនពេលតំបន់ឈូងសមុទ្រអារ៉ាប់ ដែលសម្បូរដោយធនធានប្រេង អាចមានស្ថិរភាពនិងសន្តិសុខឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បេសកជនអ៉ីរ៉ង់ លោក Amir Saeid Iravani បានលើកឡើងដូចខាងលើ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ដែលស្នើឡើង​ដោយបារ៉ែន ហើយអំឡុងពេលនោះ ប្រទេសភាគច្រើនបានថ្កោលទោសអ៉ីរ៉ង់ សម្រាប់ការរឹតត្បិតច្រកសមុទ្រ Hormuz ដ៏សំខាន់។ អំឡុងកិច្ច​ប្រជុំ លោក Iravani បាននិយាយដូច្នេះថា «ស្ថិរភាពនិងសន្តិសុខយូរអង្វែង នៅតំបន់ឈូងសមុទ្រអារ៉ាប់ និងតំបន់មជ្ឈិមបូព៌ាទាំងមូល អាចសម្រេចទៅបានតាមមធ្យោបាយតែមួយគត់ នោះគឺការផ្អាកជាអចិន្រ្តៃយ៍និងឋិតថេរ នូវសកម្មភាពឈ្លានពានប្រឆាំងអ៉ីរ៉ង់ និងបំពេញបន្ថែមដោយការធានាដែលអាចជឿទុកចិត្តបានថា វានឹងមិនកើតឡើងម្តងទៀតនាពេលអនាគត ហើយសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសអ៉ីរ៉ង់ ត្រូវបានគោរពពេញលេញ»។

គួរបញ្ជាក់ថា ក្រោយមកទៀត ពេលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Iravani បាននិយាយថា ប្រទេសជាច្រើននាំគ្នារិះគន់តែមកលើអ៉ីរ៉ង់ ប៉ុន្តែមិនបានថាស្តី ការបិទខ្ទប់ដែនសមុទ្រដែលប្រកាសដោយសហរដ្ឋអាមេរិកទេ។ លោក Iravani បានលើកឡើងដូច្នេះថា «អាមេរិកកំពុងធ្វើខ្លួនប្រៀបដូចជាចោរសមុទ្រនិងភេរវករ ដោយកំណត់គោលដៅលើកប៉ាល់ពាណិជ្ជកម្ម តាមរយៈការបង្ខិតបង្ខំ និងសម្លុតគំរាម បំភិតបំភ័យនាវិក ហើយរឹបអូសកប៉ាល់និងឃាត់ខ្លួនក្រុមនាវិកធ្វើជាចំណាប់ខ្មាំង។ ប៉ុន្តែគ្មាននរណាម្នាក់ ដែលបានបង្ហាញក្តីកង្វល់​របស់ពួកគេ អំពីសេរីភាពនៃការធ្វើនាវាចរណ៍ ហ៊ានលើកឡើងឬថ្កោលទោសទង្វើភេរវកម្មបែបនេះ អំឡុងកិច្ចប្រជុំថ្ងៃនេះឡើយ»