ព្រះមហាក្សត្រអង់គ្លេស យាងដល់សហរដ្ឋអាមេរិកក្នុងទស្សនកិច្ចផ្លូវរដ្ឋ ចំពោះមុខភាពមិនចុះសម្រុងរវាងប្រធានាធិបតី ត្រាំ និងរដ្ឋាភិបាលទីក្រុងឡុងដ៍ (Video inside)

28-04-2026 14:49

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles III និងព្រះមហេសី Camilla បានយាងមកដល់សហរដ្ឋអាមេរិក ដើម្បីបំពេញព្រះទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៤ថ្ងៃ ស្របពេលដែលភាពរកាំរកូសនឹងគ្នាបានកើតមានឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចខាងលើរបស់ព្រះអង្គ Charles គឺក្នុងឱកាសខួប២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ចេញពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ វាក៏ជាទស្សនកិច្ចលើកដំបូងផងដែរ ធ្វើឡើងដោយក្សត្រអង់គ្លេស មកកាន់សហរដ្ឋអាមេរិក គិតក្នុងរយៈពេល២ទសវត្សរ៍។ បន្ទាប់ពីមកដល់មូលដ្ឋានទ័ពអាកាស Joint Base Andrews ព្រះអង្គ Charles និងព្រះមហេសី បានបន្តដំណើរទៅកាន់សេតវិមាន ហើយត្រូវទទួលស្វាគមន៍ដោយ លោក ត្រាំ និងភរិយា Melania។

អំឡុងព្រះរាជទស្សនកិច្ចសប្តាហ៍នេះ ព្រះអង្គ Charles នឹងត្រូវថ្លែងសារនៅសភាជាតិអាមេរិក ចូលរួមពិធីជប់លៀងពេលល្ងាចនៅសេតវិមាន ហើយយាងទៅទីក្រុង New York។ អំឡុងសុន្ទរកថានៅសភាអាមេរិក ព្រះអង្គ Charles ត្រូវបានរំពឹងនឹងធ្វើការកត់សម្គាល់ថា ទោះក្នុងរយៈពេល២៥០ឆ្នាំមកនេះ ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក មិនតែងតែឯកភាពគ្នាជុំវិញបញ្ហានានាក៏ដោយ ប្រទេសទាំងពីរម្តងហើយម្តងទៀត តែងតែជម្នះឧបសគ្គបាន និងរក្សាសម្ព័ន្ធមិត្តរឹងមាំ​ជានិច្ច។ ព្រះអង្គត្រូវបានគេរំពឹង នឹងមានបន្ទូលបន្ថែមទៀតថា តាមរយៈការការពារគុណតម្លៃរួមនៃលទ្ធិប្រជាធិបតេយ្យ ប្រទេសទាំងពីរ អាចលើកកម្ពស់សន្តិសុខនិងវិបុលភាព សម្រាប់ពិភពលោកទាំងមូល ហើយព្រះអង្គនឹងស្ងើចសរសើរថា ភាពជាដៃគូអង់គ្លេស-អាមេរិក គឺជាសម្ព័ន្ធភាពដ៏អស្ចារ្យបំផុតមួយ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

គួរបញ្ជាក់ថា ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្រឡាញ់ចូលចិត្តសែរាជវង្សចក្រអង់គ្លេស ហើយជារឿយៗបានហៅ ព្រះអង្គ Charles ថាជាបុគ្គលអស្ចារ្យ រូបលោកមានការខ្វែងគំនិតគ្នា ជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ជាពិសេសជុំវិញសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។ នាពេលកន្លងមកនេះ លោក ត្រាំ បានបង្ហាញការមិនពេញចិត្តជាច្រើនលើកច្រើនសា ចំពោះ​រដ្ឋាភិបាលអង់គ្លេស ដោយសារប្រកាន់ជំហរមិនគាំទ្រសង្រ្គាមរបស់លោក៕