ដោយសារចេះតែរងការរិះគន់ពីលោក ត្រាំ NATO កំពុងចារណាបញ្ចប់ទម្លាប់រៀបចំកិច្ចប្រជុំកំពូលរាល់ឆ្នាំ (Video inside)
28-04-2026 15:24
(ព្រុចសែល)៖ ប្រភពចំនួន៦បានបង្ហើបឱ្យដឹងថា អង្គការ NATO កំពុងពិចារណាបញ្ចប់ទម្លាប់រៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួនរៀងរាល់ឆ្នាំ ខណៈវាជាការបោះជំហានមួយ ដែលអាចបញ្ចៀសការជួបមុខគ្នាតានតឹង ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឆ្នាំចុងក្រោយនៃអាណត្តិកាន់អំណាចរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២៦។
លោក ដូណាល់ ត្រាំ បានរិះគន់ម្តងហើយម្តងទៀតចំពោះសមាជិកជាច្រើន នៃបក្សសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកមួយនេះ។ ថ្មីៗកន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក ទើបតែបានរិះគន់ NATO ដោយសារតែមិនផ្តល់ការគាំទ្រច្រើនគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការយោធាអាមេរិកប្រឆាំងប្រទេសអ៉ីរ៉ង់។
ភាពញឹកញាប់នៃកិច្ចប្រជុំកំពូលរបស់ NATO គឺបានប្រែប្រួលមិនទៀងទាត់ទេ អំឡុងប្រវត្តិសាស្រ្តរយៈពេល៧៧ឆ្នាំ របស់បក្សសម្ព័ន្ធនេះ ប៉ុន្តែមេដឹកនាំ NATO បានជួបប្រជុំគ្នា នារដូវក្តៅរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១មក។ នៅឆ្នាំ២០២៦នេះ ពួកគេនឹងជួបគ្នានៅរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីយ៉េ នាថ្ងៃទី៧ និងទី៨ ខែកក្កដា។ ប៉ុន្តែបើតាមមន្រ្តីជាន់ខ្ពស់អឺរ៉ុបមួយរូប និងអ្នកការទូត៥នាក់ទៀត ដែលទាំងអស់សុទ្ធតែមកពីប្រទេសសមាជិក NATO បាននិយាយថា ឥឡូវសមាជិកមួយចំនួន កំពុងជំរុញឱ្យកាត់បន្ថយភាពញឹកញាប់នៃកិច្ចប្រជុំ។
អ្នកការទូតម្នាក់បាននិយាយថា កិច្ចប្រជុំកំពូលឆ្នាំ២០២៧ ដែលនឹងធ្វើឡើងនៅអាល់បានី ទំនងនឹងប្រព្រឹត្តទៅនៅសរទរដូវ ជំនួសឱ្យរដូវក្តៅ ហើយ NATO កំពុងពិចារណា មិនរៀបចំកិច្ចប្រជុំតែម្តង នៅឆ្នាំ២០២៨ ជាឆ្នាំនៃការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក និងជាឆ្នាំចុងក្រោយនៃអាណត្តិទី២របស់លោក ត្រាំ។ រីឯអ្នកការទូតម្នាក់ទៀត បាននិយាយថា សមាជិកមួយចំនួន កំពុងជំរុញឱ្យប្តូរទៅរៀបចំកិច្ចប្រជុំកំពូលរៀងរាល់២ឆ្នាំម្តងវិញ ប៉ុន្តែពុំទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ ហើយអគ្គលេខាធិការ NATO លោក Mark Rutte ជាអ្នកមានសិទ្ធិអារកាត់ចុងក្រោយ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO នៅទីក្រុងឡាអេ កាលពីឆ្នាំមុន បានប្រព្រឹត្តទៅក្រោមស្រមោលនៃការទាមទាររបស់លោក ត្រាំ ឱ្យសមាជិក NATO បង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់៥ភាគរយនៃ GDP របស់ពួកគេ។ កិច្ចប្រជុំឆ្នាំនេះ ក៏ទំនងនឹងជាមានភាពតឹងតែងដូចគ្នាដែរ។ ក្រោយ NATO បដិសេធផ្តល់ការគាំទ្ររបស់លោកចង់បាន សម្រាប់សង្រ្គាមនៅអ៉ីរ៉ង់ ដែលរូបលោកផ្ទាល់ បានបង្កឡើងដោយគ្មានពិគ្រោះយោបល់ និងផ្តល់ដំណឹងជាមុនដល់ពួកគេ លោក ត្រាំ បានចោទសួរជាចំហថា តើសហរដ្ឋអាមេរិកគួរតែការពារសមាជិក NATO វិញដែរឬទេ ហើយបានព្រមានថា នឹងពិចារណាដកខ្លួនចេញពីបក្សសម្ព័ន្ធយោធានេះ។ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានខែមុន លោក ត្រាំ បានប្រកាសចង់កាន់កាប់កោះ Greenland ដែលជាដែនដីស្វយ័តរបស់សមាជិក NATO ដាណឺម៉ាក ថែមទៀត។ ដោយឡែក កាលពីកិច្ចប្រជុំឆ្នាំ២០១៨ អំឡុងអាណត្តិទី១ លោក ត្រាំ បានគំរាមដើរចេញពីអង្គប្រជុំ ដើម្បីតវ៉ាចំពោះការចំណាយទាបលើវិស័យការពារជាតិ របស់សមាជិក NATO ដទៃទៀត៕




