បារ៉ែនដកហូតសញ្ជាតិ ពីបុគ្គលចំនួន ៦៩នាក់ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងអ៉ីរ៉ង់ (Video inside)
28-04-2026 16:32
(ម៉ាណាម៉ា)៖ ប្រទេសបារ៉ែន បានសម្រេចដកហូតសញ្ជាតិមនុស្សចំនួន ៦៩នាក់ ជុំវិញការដែលពួកគេបង្ហាញក្តីអាណិតអាសូរ ចំពោះទង្វើអរិភាពរបស់អ៉ីរ៉ង់ និងសហការជាមួយអង្គភាពបរទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦។
មនុស្សទាំង ៦៩នាក់ រួមមានអ្នកដែលត្រូវបានចោទប្រកាន់ផ្ទាល់ និងសមាជិកគ្រួសារ ហើយពួកគេទាំងអស់គ្នាមិនមែនជាជនជាតិដើមបារ៉ែននោះទេ។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ «សញ្ជាតិបារ៉ែន ត្រូវបានដកហូតពីបុគ្គលទាំងនោះមកវិញ ដោយសារតែការលើកតម្កើង ឬអាណិតអាសូរចំពោះទង្វើអរិភាពរបស់អ៉ីរ៉ង់ ឬភាពជាប់ពាកព័ន្ធជាមួយភាគីខាងក្រៅ»។
ការដកហូតនេះអនុវត្តតាមការណែនាំរបស់ព្រះមហាក្សត្រ Hamad bin Isa Al Khalifa ហើយផ្អែកលើមាត្រា ១០/៣ នៃច្បាប់ស្តីពីសញ្ជាតិរបស់ប្រទេសបារ៉ែន។ មាត្រានេះចែងអំពីការដកហូតសញ្ជាតិ ក្នុងករណីដែលមានការបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ ឬប្រព្រឹត្តតាមរបៀបផ្ទុយនឹងកាតព្វកិច្ចស្មោះត្រង់ចំពោះប្រទេសបារ៉ែន។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បានកំណត់គោលដៅវាយប្រហារ ក្នុងប្រទេសបារ៉ែន និងរដ្ឋអារ៉ាប់ឈូងសមុទ្រដទៃទៀត ជាកន្លែងដែលសហរដ្ឋអាមេរិកមានមូលដ្ឋានយោធា បន្ទាប់ពីអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាមប្រឆាំងអ៉ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕








