មេដឹកនាំបណ្តាប្រទេសតំបន់ឈូងសមុទ្រ ជួបប្រជុំគ្នានៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ (Video inside)
28-04-2026 18:51
(ជេដដា)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅក្នុងទីក្រុងជេដដា (Jeddah) នាថ្ងៃអង្គារនេះ ដែលជាជំនួបដោយផ្ទាល់លើកដំបូងរបស់មេដឹកនាំតំបន់ ចាប់តាំងពីបណ្តាប្រទេសទាំងនេះបានក្លាយជាសមរភូមិជួរមុខនៃសង្គ្រាមនៅអ៊ីរ៉ង់ កាលពីពីរខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចប្រជុំនេះមានគោលបំណងរៀបចំវិធានការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងដ្រូនរាប់ពាន់គ្រាប់ពីសំណាក់អ៊ីរ៉ង់ ដែលបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្របានប្រឈមមុខ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
គួរបញ្ជាក់ថា សង្គ្រាមនេះបានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុងប្រទេសសមាជិក GCC ទាំង៦ ខណៈដែលកិច្ចចរចាសន្តិភាពអចិន្ត្រៃយ៍រវាងអាមេរិក និងអ៊ីរ៉ង់ នៅមិនទាន់ទទួលបានលទ្ធផលជាស្ថាពរនៅឡើយ ទោះបីជាមានបទឈប់បាញ់បណ្ដោះអាសន្នក៏ដោយ៕




