អេមីរ៉ាតអារ៉ាប់រួមប្រកាសចាកចេញពីអង្គការ OPEC និង OPEC+ ចំពេលពិភពលោកជួបវិបត្តិថាមពលដោយសារសង្គ្រាមនៅអ៊ីរ៉ង់ (Video inside)
28-04-2026 20:28
(ឌូប៉ៃ)៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) កាលពីថ្ងៃអង្គារ បានប្រកាសសម្រេចចិត្តចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធភាព OPEC+ ដែលជាសកម្មភាពផ្តល់នូវផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមប្រទេសនាំចេញប្រេង និងមេដឹកនាំនៃអង្គការនេះ គឺអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងចំពេលដែលសង្គ្រាមនៅអ៊ីរ៉ង់កំពុងបង្កឱ្យមានវិបត្តិថាមពលជាប្រវត្តិសាស្ត្រ និងការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។ ក្រុមអ្នកវិភាគយល់ឃើញថា ការចាកចេញរបស់ UAE គឺជាការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ OPEC ព្រោះ UAE គឺជាសមាជិកដ៏កម្រមួយដែលមានសមត្ថភាពផលិតប្រេងបម្រុងខ្ពស់បំផុតបន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ នៅក្នុងរយៈពេលវែង ការណ៍នេះនឹងធ្វើឱ្យឥទ្ធិពល និងស្ថិរភាពរបស់ OPEC ក្នុងទីផ្សារប្រេងសកលត្រូវធ្លាក់ចុះយ៉ាងខ្លាំង។
បន្ថែមពីនេះ លោក អាជៃ ប៉ាម៉ា (Ajay Parmar) នាយកផ្នែកថាមពលនៅស្ថាប័ន ICIS បានលើកឡើងថា ទោះបីជាការចាកចេញនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទាំងស្រុង ដោយសារ UAE ធ្លាប់មានភាពខ្វែងគំនិតលើគោលនយោបាយរបស់ OPEC កាលពីពេលមុនក៏ដោយ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការប្រេះឆានៃទំនាក់ទំនងសម្ព័ន្ធភាពរវាង UAE និងអារ៉ាប៊ីសាអូឌីត ដែលធ្លាប់តែមានភាពរឹងមាំជាមួយគ្នាជាប្រវត្តិសាស្ត្រ៕






