លោក ត្រាំ អះអាងថាអ៊ីរ៉ង់កំពុងស្ថិតក្នុង «សភាពដួលរលំ» និងបានស្នើឱ្យអាមេរិកបើកច្រកសមុទ្រហ័រមូសឡើងវិញ (Video inside)

28-04-2026 21:53

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះបានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុង «សភាពដួលរលំ» ហើយទីក្រុងតេហេរ៉ង់បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បើកដំណើរការច្រកសមុទ្រហ័រមូសឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ដំណឹងមកលោកថា ពួកគេកំពុងស្ថិតក្នុងស្ថានភាពដួលរលំ និងចង់ឱ្យអាមេរិកបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ ខណៈដែលពួកគេកំពុងព្យាយាមដោះស្រាយបញ្ហានៅក្នុងជួរថ្នាក់ដឹកនាំរបស់ខ្លួន។

ការលើកឡើងនេះ ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា លោក ត្រាំ មិនពេញចិត្តនឹងសំណើរបស់អ៊ីរ៉ង់ ដែលទាមទារឱ្យអាមេរិកបញ្ចប់ការបិទខ្ទប់កំពង់ផែជាមុន រួចទើបចាប់ផ្តើមការចរចានុយក្លេអ៊ែរនៅពេលក្រោយ ខណៈដែលសំណើនោះមិនបានលើកឡើងពីការលុបចោលកម្មវិធីនុយក្លេអ៊ែរ ដែលជាចំណុចស្នូលនៃជម្លោះឡើយ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៣,៣០០នាក់ នេះបើតាមតួលេខពីមន្ត្រីអ៊ីរ៉ង់។ ទោះបីជាបច្ចុប្បន្នមានបទឈប់បាញ់ ដែលត្រូវបានប្រកាសពន្យារពេលដោយមិនកំណត់កាលពីថ្ងៃទី២១ ខែមេសា តាមការស្នើសុំរបស់មេដឹកនាំប្រទេសប៉ាគីស្ថានក៏ដោយ ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមាន ខណៈដែលការរាំងខ្ទប់ផ្លូវទឹកបានធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ីរ៉ង់រងគ្រោះយ៉ាងធ្ងន់ធ្ងរ៕