ស្រីលង្កាចាប់ខ្លួនព្រះសង្ឃ ២២អង្គ រកឃើញកញ្ឆា ១១០គីឡូក្រាម ក្រោយបានធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ (Video inside)

28-04-2026 22:30

(កូឡុំបូ)៖ ព្រះសង្ឃចំនួន ២២អង្គ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឯព្រលានយន្តហោះក្នុងប្រទេសស្រីលង្កា បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនប្រភេទកញ្ឆា (Cannabis) ទម្ងន់សរុប ១១០គីឡូក្រាម លាក់ទុកក្នុងវ៉ាលិសរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

គ្រឿងញៀនដែលត្រូវបានរកឃើញនោះ គឺជាប្រភេទកញ្ឆាដែលមានឥទ្ធិពលខ្លាំង ដោយព្រះសង្ឃនីមួយៗបានលាក់ទុកប្រមាណ ៥គីឡូក្រាមនៅក្នុងថតសម្ងាត់នៃវ៉ាលិស ដែលលាយឡំជាមួយសម្ភារសិក្សា និងនំចំណី។ ព្រះសង្ឃទាំងនោះ ដែលភាគច្រើនជាសមណសិស្ស បានធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ បន្ទាប់ពីបានទៅកម្សាន្តរយៈពេល ៤ថ្ងៃ ក្រោមការឧបត្ថម្ភចំណាយទាំងស្រុងពីសប្បុរសជនមិនស្គាល់អត្តសញ្ញាណម្នាក់។

សមត្ថកិច្ចក៏បានឈានទៅចាប់ខ្លួនព្រះសង្ឃអង្គទី ២៣ ដែលជាអ្នករៀបចំដំណើរកម្សាន្តនេះ នៅជាយក្រុងកូឡុំបូផងដែរ។ បច្ចុប្បន្ន ព្រះសង្ឃទាំង ២២អង្គ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរយៈពេល ៧ថ្ងៃ ដើម្បីបន្តការស៊ើបអង្កេត ខណៈសមត្ថកិច្ចបានរកឃើញរូបភាព និងវីដេអូក្នុងទូរស័ព្ទដែលបង្ហាញថា ពួកគេបានស្លៀកពាក់ជាគ្រហស្ថដើរកម្សាន្តយ៉ាងសប្បាយរីករាយក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា​ នេះគឺជាករណីដំបូងបង្អស់នៅក្នុងប្រទេសស្រីលង្កា ដែលមានការចាប់ខ្លួនក្រុមព្រះសង្ឃទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងការសង្ស័យរត់ពន្ធគ្រឿងញៀនតាមព្រលានយន្តហោះបែបនេះ៕​