លោក គីម ជុងអ៊ុន កោតសរសើរទាហានកូរ៉េខាងជើងដែលសុខចិត្តធ្វើអត្តឃាត ប្រសើរជាងក្លាយជាឈ្លើយសឹក (Video inside)

29-04-2026 09:11

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោតសរសើរទាហានកូរ៉េខាងជើងដែលសុខចិត្តធ្វើអត្តឃាត ជំនួសឱ្យការធ្វើជាឈ្លើយសឹកអំឡុងការប្រយុទ្ធជាមួយ កងកម្លាំងអ៊ុយក្រែនក្នុងតំបន់ Kursk របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានបញ្ជូនកងទ័ព ១៤០០០នាក់ជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk។ តាមមន្ត្រីកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច មានទាហានកូរ៉េខាងជើងយ៉ាងហោច ៦០០០នាក់ត្រូវបានសម្លាប់ ហើយក្នុងចំណោមទាហានកូរ៉េខាងជើងទាំងនេះទៀតសោត មានខ្លះបានសម្រេចចិត្ត បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង ឬក៏ប្រើមធ្យោបាយជាច្រើនផ្សេងទៀតដើម្បីធ្វើអត្តឃាតជាជាងឱ្យទាហានអ៊ុយក្រែន​ចាប់ខ្លួន។

ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមន្ត្រីរុស្ស៉ី និងសាច់ញាតិទាហានដែលបានពលីជីវិតក្នុងសង្រ្គាមអ៊ុយក្រែន នៅឯពិធីមួយដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងសមរភូមិប្រយុទ្ធ រួមទាំងទាហានដែលបានបញ្ចប់ជីវិតខ្លួនឯងដើម្បីការពារកិត្តិយស គឺជាវីរបុរសយ៉ាងពិតប្រាកដ ខណៈទាហានដែលនៅរស់រានមានជីវិតក៏ជាអ្នកស្នេហាជាតិផងដែរ។

គួរបញ្ជាក់ថា បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ជាថ្នូរទៅនឹងការបញ្ជូនអាវុធ និងទាហានទៅជួយរុស្ស៉ី កូរ៉េខាងជើងបានទទួលមកវិញនូវជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាពីរុស្ស៉ី៕