រុស្ស៉ីនឹងប្រារព្ធទិវាជ័យជម្នះជាមួយការធ្វើព្យុហយាត្រាយោធា តែមិនមានការអួតសម្ញែងអាវុធ (Video inside)

29-04-2026 09:35

(​Reuters)៖ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ថារុស្ស៉ីនឹងប្រារព្ធទិវាជ័យជម្នះលើ កងទ័ពណាហ្ស៉ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២ នៅខែក្រោយនេះជាមួយការធ្វើព្យុហយាត្រាយោធានៅឯទីលានក្រហមនៃទីក្រុងមូស្គូ។ ប៉ុន្តែមិនមានការអួតសម្ញែងអាវុធនោះទេដោយសារតែសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជារៀងរាល់ឆ្នាំ រុស្ស៉ីតែងតែប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី៩ ខែឧសភា ជាថៃ្ងដែលកងទ័ពអតីតសហភាពសូវៀតបានទទួលជ័យជម្នះលើកងទ័ពណាហ្ស៉ីអាល្លឺម៉ង់ក្នុងសម័យសង្រ្គាមលោកលើកទី២។ ឆ្នាំ២០២៦នេះគឺជាខួបទី៨១ នៃទិវាជ័យជម្នះ។ តាមក្រសួងការពារជាតិរុស្ស៉ី កងទ័ពមកពីគ្រប់ស្ថាប័នយោធារុស្ស៉ីទាំងអស់នឹងត្រូវចូលរួមក្នុងការធ្វើព្យុហយាត្រាយោធា តែក្រសួងបានបញ្ជាក់ថា ក្នុងឆ្នាំនេះនឹងមិនមានការសម្ញែងអាវុធ ឬបរិក្ខារយោធានៅឯទីលានក្រហមនោះទេ។

គួរបញ្ជាក់ថា ជាង៤ឆ្នាំនៃសង្រ្គាមអ៊ុយក្រែនមកនេះ កងទ័ពរុស្ស៉ីត្រូវបានក្រុមមន្ត្រីអឺរ៉ុបរាយការណ៍ថាមានភាពរីកចម្រើនសន្សឹមៗនៅសមរភូមិភាគខាងកើតអ៊ុយក្រែន។ តែយោធារុស្ស៉ីបានអះអាង ថាកងកម្លាំងរបស់ខ្លួនកំពុងរីកចម្រើននៅគ្រប់សមរភូមិទាំងអស់ ហើយក្រសួងការពារជាតិរុស្ស៉ីតែងតែប្រកាសជាញឹកញាប់ពីការវាយដណ្ដើមកាន់កាប់ភូមិរបស់អ៊ុយក្រែន។ ជាក់ស្ដែងកាលពី ថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៉ីបានអះអាងពីការវាយកាន់កាប់បានភូមិចំនួន២របស់អ៊ុយក្រែន៕