លោក ត្រាំ៖ ព្រះមហាក្សត្រចក្រភពអង់គ្លេស ក៏មិ​នចង់ឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរដែរ (Video inside)

29-04-2026 10:02

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles ក៏មិនចង់ឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះដែរ ហើយលោកការកត់សម្គាល់បែបនេះនៅឯពិធីលាងសោយភោជន៍ថ្នាក់រដ្ឋនៅឯសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles និងព្រះមហេសី Camilla បានយាងដល់សហរដ្ឋអាមេរិក ដើម្បីបំពេញព្រះទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៤ថ្ងៃ ស្របពេលដែលភាពរកាំរកូសនឹងគ្នាបានកើតមានឡើង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលអង់គ្លេស។ លោក ត្រាំ បានរិះគន់ម្ដងហើយម្ដងទៀតលើ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលមិនបានផ្ដល់ការគាំទ្រគ្រប់គ្រាន់ដល់សង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់។

យ៉ាងណាក៏ដោយ នៅក្នុងព្រះរាជសង្កថារបស់ព្រះអង្គបន្ទាប់ពីសុន្ទរកថារបស់លោក ត្រាំ ព្រះអង្គ Charles មិនបានមានបន្ទូលអ្វីពាក់ព័ន្ធនឹងសង្រ្គាមអ៉ីរ៉ង់នោះទេ ហើយម្យ៉ាងព្រះមហាក្សត្រ ក៏មិនមែនជាអ្នកនាំពាក្យឱ្យរដ្ឋាភិបាលអង់គ្លេសនោះដែរ។ នៅពេលត្រូវបានសាកសួរពីអំពីការលើកឡើងរបស់លោក ត្រាំ ស្ថានទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោនបានប្រាប់ឱ្យ Reuters សាកសួរទៅកាន់ព្រះរាជវាំងអង់គ្លេសដែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ដែលមិនមានអាវុធនុយក្លេអ៊ែរ បានប្រកែកថាមិនមែនកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែបាននិយាយថាខ្លួនមានសិទ្ធិដើម្បីអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់វិស័យស៊ីវិល ក្នុងនោះរួមមានទាំងការចម្រាញ់អ៊ុយរ៉ញ៉ូម ក្នុងនាមជាភាគីមួយនៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ៕