ការវាយប្រហាររបស់អ៉ីស្រាអែលសម្លាប់មនុស្ស ៥នាក់ នៅភាគខាងត្បូងលីបង់ ទោះមានបទឈប់បាញ់ (Video inside)

29-04-2026 10:42

(បេរូត)៖ ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាស ២លើកជាប់ៗគ្នារបស់អ៉ីស្រាអែល លើអគារមួយស្ថិតក្នុងទីក្រុងនៃភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់មនុស្ស ៥នាក់ ក្នុងនោះរួមមានទាំងក្រុមអ្នកជួយសង្រ្គោះ៣នាក់ ដែលកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះអ្នករងរបួសនៅក្នុងការវាយប្រហារលើកទី១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យម្នាក់នៃកងកម្លាំងការពារជនស៊ីវិលរបស់លីបង់បានប្រាប់ Reuters ថា ពីដំបូងឡើយ ក្រុមអ្នកជួយសង្រ្គោះ ៣នាក់បានជាប់នៅក្រោមគំនរអគារបែកបាក់ ដោយសារតែការវាយប្រហារតាម ផ្លូវអាកាសលើកទី២ របស់អ៉ីស្រាអែលលើទីក្រុង Majdal Zoun ហើយប៉ុន្មានម៉ោងក្រោយមកទើបអ្នកទាំង៣ ត្រូវបានបញ្ជាក់ថាបានស្លាប់។ យោធាលីបង់បាននិយាយថាកងទ័ពរបស់ខ្លួន២នាក់ ក៏បានរងរបួសក្នុងការវាយប្រហារលើកទី២របស់អ៉ីស្រាអែលផងដែរ។ តែភ្លាមៗខាងអ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលដោយចាត់ទុកថាជាឧក្រិដ្ឋកម្មសង្រ្គាម។ ការិយាល័យសិទ្ធិមនុស្ស UN កាលពីខែមុនក៏បាននិយាយដែរថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិល ក្នុងនោះរួមមានទាំងបុគ្គលិកសុខាភិបាលក្នុងប្រទេសលីបង់ អាចត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។ ចាប់តាំងពីថ្ងៃទី២ ខែមីនាមក ពោលគឺបន្ទាប់ពីក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់បើកការវាយប្រហារលើអ៉ីស្រាអែល យោធាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សជាង ២៥០០នាក់ នៅទូទាំងលីបង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងអ៉ីស្រាអែល និងលីបង់ក៏ពិតមែន តែក្រុមហេសបូឡា និងអ៉ីស្រាអែលនៅតែបន្តវាយប្រយុទ្ធគ្នានៅតំបន់ភាគខាងត្បូងលីបង់ ដោយចោទគ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់។ បច្ចុប្បន្ន យោធាអ៉ីស្រាអែលកំពុងកានកាប់ទឹកដីមួយចំនួននៅភាគខាងត្បូងលីបង់ និងបានព្រមានកុំឱ្យប្រជាជនលីបង់វិលត្រឡប់ទៅកាន់ ផ្ទះរបស់ពួកគេនៅទីនោះ៕