រូបភាពរបស់លោក ត្រាំ នឹងលេចឡើងក្នុងលិខិតឆ្លងដែនអាមេរិក, ចំនួនមានកំណត់ (Video inside)
29-04-2026 11:54
(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបាននិយាយថា រូបភាពរបស់លោក ដូណាល់ ត្រាំ នឹងលេចឡើងក្នុងលិខិតឆ្លងដែនអាមេរិកមួយចំនួន នាពេលឆាប់ៗ ដែលជាការបំបែកបទដ្ឋានផ្សេងទៀត បន្ទាប់ពីលំនាំស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងតាមស្ថាប័ននានារបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦។
ក្រសួងការបរទេសអាមេរិក បញ្ជាក់ថានឹងមានការធ្វើលិខិតឆ្លងដែន ដាក់រូបភាពរបស់លោក ត្រាំ នៅក្នុងនោះ ក្នុងចំនួនកំណត់ ដើម្បីប្រារព្ធខួបឯករាជ្យលើកទី២៥០ របស់សហរដ្ឋអាមេរិក នៅឆ្នាំនេះ។ អក្សរអមដោយរូបភាពពីរសន្លឹក នឹងលេចឡើងក្នុងលិខិតឆ្លងដែន។ មួយសន្លឹកជារូបថតផ្លូវការរបស់លោក ត្រាំ ដាក់ពីលើសេចក្តីប្រកាសឯករាជ្យ ជាមួយហត្ថលេខារបស់លោក ជាពណ៌មាស នៅពីក្រោម។ រូបទីពីរ គឺជាគំនូរប្រវត្តិសាស្ត្ររបស់បិតាស្ថាបនិកសហរដ្ឋអាមេរិក។
តាមបណ្តាញសង្គម X អ្នកនាំពាក្យ លោក Tommy Pigott គូសបញ្ជាក់ថា ខណៈដែលសហរដ្ឋអាមេរិកនឹងប្រារព្ធខួបលើកទី២៥០ ក្នុងខែកក្កដាខាងមុខ ក្រសួងការបរទេសកំពុងរៀបចំចេញលិខិតឆ្លងដែនអាមេរិក ដែលត្រូវបានរចនាឡើងជាពិសេសមួយចំនួនមានកំណត់ ដើម្បីរំលឹកដល់ឱកាសប្រវត្តិសាស្ត្រនេះ។
មន្ត្រីក្រសួងការបរទេសម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លិខិតឆ្លងដែនដែលមានរូបភាពរបស់លោក ត្រាំ នឹងមានធ្វើតែនៅក្នុងទីក្រុងវ៉ាស៉ីនតោនប៉ុណ្ណោះ ដរាបណាមានសុពលភាព ហើយមិនគិតថ្លៃបន្ថែមទេ។ ភ្លាមៗគេមិនច្បាស់ទេថាតើអ្នកដាក់ពាក្យសុំលិខិតឆ្លងដែន អាចបដិសេធការបោះពុម្ពពិសេសនេះឬអត់៕






