តុលាការកូរ៉េខាងត្បូង ដំឡើងទោសភរិយាអតីតប្រធានាធិបតី Yoon ដោយត្រូវជាប់ពន្ធនាគារដល់៤ឆ្នាំ (Video inside)

29-04-2026 13:11

(សេអ៊ូល)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ អតីតជំទាវទី១កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទក្រឡុកទីផ្សារភាគហ៊ុន និងពុករលួយ បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេចបន្ថែមរយៈពេលជាប់ពន្ធនាគាររបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បាននិយាយថា លោកស្រី Kim បានចូលរួមក្នុងសកម្មភាពខុសច្បាប់ នៃការក្រឡុកតម្លៃផ្សារភាគហ៊ុន ដែលជាក្រឡាស់មកវិញនូវសេចក្តីសម្រេចកន្លងមក របស់តុលាការជាន់ទាប ដែលបានកាត់ឱ្យលោកស្រី រួចផុតពីការបទចោទនេះ។ តុលាការឧទ្ធរណ៍ ក៏បានរកឃើញដែរថា លោកស្រី Kim បានទទួលកាបូបម៉ាក Chanel ចំនួន២ និងខ្សែក Graff មួយខ្សែ គិតជា​ទឹកប្រាក់សរុបប្រហែល៨០លានវ៉ុន ឬស្មើនឹងជាង៥៤០០០ដុល្លារ ពីក្រុមសាសនា Unification Church ដែលត្រូវបានចាត់ទុក​ជា ការទទួលសំណូក។

ចៅក្រមតុលាការឧទ្ធរណ៍កូរ៉េខាងត្បូង បាននិយាយថា លោកស្រី Kim បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាជំទាវទី១ ហើយ​ប្រព្រឹត្តអំពើពុករលួយ ដែលបានធ្វើឱ្យខូចការជឿទុកចិត្តរបស់សាធារណជន ចំពោះតម្លាភាពរបស់រដ្ឋាភិបាល ហើយបង្កភាពប្រេះឆា​ក្នុងទស្សនៈមហាជន ជុំវិញកិច្ចការរបស់ជាតិ។ តុលាការ ថែមទាំងបានពិន័យប្រាក់លោកស្រី Kim ចំនួន៧០លានវ៉ុន និងបង្គាប់ឱ្យ​រឹបអូសខ្សែកខាងលើ។

គួរបញ្ជាក់ថា ដំបូងឡើយ លោកស្រី Kim Keon Hee ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារត្រឹម២០ខែ កាលពីខែមករា ពីបទពុករលួយតែមួយមុខប៉ុណ្ណោះ។ លោកស្រីបានជាប់ឃុំឃាំងក្នុងពន្ធនាគារ ចាប់តាំងពីខែសីហា ឆ្នាំ២០២៥។ លោកស្រីគឺជា​ភរិយារបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានទម្លាក់ពីអំណាច ជុំវិញការប្រកាសដាក់ប្រទេសក្រោម​ច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំ២០២៤ ហើយរូបលោកផ្ទាល់ ក៏កំពុងប្រឈមមុខជាមួយសំណុំរឿងជាច្រើនដែរ។ លោក Yoon ត្រូវបាន​ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែកុម្ភៈ ក្រោមបទចោទប្រកាន់បង្កការបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក៕