ហ្វីលីពីនមិនបារម្ភឡើយថា សង្រ្គាមអ៉ីរ៉ង់នឹងកាត់បន្ថយការយកចិត្តទុកដាក់របស់អាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក (Video inside)
29-04-2026 13:51
(ម៉ានីល)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយថា ប្រទេសរបស់លោក មិនព្រួយបារម្ភអំពីការថយចុះណាមួយ ក្នុងសមត្ថភាពរបស់អាមេរិក នៃការកំញើញទប់ស្កាត់ការវាយប្រហារនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Teodoro បានធ្វើការអត្ថាធិប្បាយដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយ Reuters អំឡុងការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ជាមួយសហរដ្ឋអាមេរិក ដែលបានទាក់ទាញការចូលរួមពីប្រទេសជាច្រើនផ្សេងទៀត ក្នុងនោះរួមមានទាំងកងកម្លាំងប្រយុទ្ធពីជប៉ុនជាលើកដំបូង។
លោក Teodoro បាននិយាយថា រូបលោកមានភាពជឿជាក់ពេញទំហឹង ក្នុងសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលជាសន្ធិសញ្ញាសន្តិសុខយូរអង្វែងមកហើយ រវាងទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៉ីនតោន ហើយលោកមិនព្រួយបារម្ភទេថា សង្រ្គាមអ៉ីរ៉ង់អាចធ្វើឱ្យថយចុះការយកចិត្តទុកដាក់របស់អាមេរិកនៅអាស៉ី។ លោករដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានចង្អុលទៅកាន់សមយុទ្ធរួម Balikatan នាពេលនេះថា ជាសញ្ញានៃការប្តេជ្ញារឹងមាំឥតរាថយរបស់ទីក្រុងវ៉ាស៉ីនតោន។
យ៉ាងណាមិញ លោក Teodoro បានកត់សម្គាល់អំពីសកម្មភាពរបស់ចិននាពេលថ្មីៗនេះ នៅសមុទ្រចិនខាងត្បូងនិងតៃវ៉ាន់ ថាវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ព្រោះទីក្រុងប៉េកាំង នឹងព្យាយាមឆ្លៀតឱកាស នៅពេលដែលខ្លួនមើលឃើញថា មហាអំណាចដទៃដែលជាគូប្រជែង ហាក់កំពុងជាប់ដៃជាមួយបញ្ហានៅកន្លែងផ្សេងទៀត។ ប៉ុន្មានឆ្នាំមកនេះ ទីក្រុងម៉ានីលបានប្រឈមមុខគ្នាជាច្រើនលើក នៅសមុទ្រចិនខាងត្បូង ជាទីដែលមានបញ្ហាវិវាទទឹកដី៕






