សភាអ៉ីតាលីផ្តល់ភ្លើងបៃតង ចំពោះគម្រោងបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំង ឱ្យទៅឥណ្ឌូណេស៉ី (Video inside)
29-04-2026 14:29
(រ៉ូម)៖ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ សភានៃប្រទេសអ៉ីតាលី បានផ្តល់ការគាំទ្រចំពោះផែនការរដ្ឋាភិបាល ដែលសំដៅបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំងចាស់១គ្រឿង ឱ្យទៅប្រទេសឥណ្ឌូណេស៉ី ខណៈវាជាចំណាត់ការមួយ ដែលរដ្ឋាភិបាលទីក្រុងរ៉ូមនិយាយថា នឹងពង្រឹងទំនាក់ទំនងជាមួយទីក្រុងហ្សាការតា ហើយទន្ទឹមគ្នានោះ នឹងជួយសន្សំសំចៃថវិការាប់លានដុល្លារ ដែលត្រូវចំណាយទៅលើការរុះរើចោលនាវាដែលចូលនិវត្តន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នាវាផ្ទុកយន្តហោះចម្បាំង Garibaldi ដែលសព្វថ្ងៃមានតម្លៃខ្ទង់៥៤លានអឺរ៉ូ ឬ៦៣លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ ជាលើកដំបូង តាំងតែពីឆ្នាំ១៩៨៥។ នាវានេះបានចូលរួមធ្វើប្រតិបត្តិការចម្រុះជាច្រើន នៅតំបន់មេឌីទែរ៉ាណេ និងអាហ្រ្វិក ក្នុងនោះរួមមានទាំងបេសកកម្មនៅលីបង់ លីប៊ី និងស៉ូម៉ាលី។ ក្រោយមក វាត្រូវបានដាក់ឱ្យស្ថិតក្នុងស្ថានភាពបម្រុង កាលពីឆ្នាំ២០២៤។ រដ្ឋាភិបាលអ៉ីតាលី បាននិយាយថា អាយុកាលចំណាស់របស់នាវា Garibaldi គឺនាំឱ្យវាហួសសម័យ ដែលលែងស្របតាមលក្ខខណ្ឌស្តង់ដាបច្ចុប្បន្នទៀតហើយ។
របាយការណ៍សភាអ៉ីតាលី បាននិយាយថា ការផ្ទេរនាវាផ្ទុកយន្តហោះចម្បាំងខាងលើ ឱ្យទៅឥណ្ឌូណេស៉ី នឹងជួយអ៉ីតាលីសន្សំសំចៃថ្លៃចំណាយលើការថែទាំ បានប្រមាណ៥លានអឺរ៉ូ ដែលគិតត្រឹមសម្រាប់តែឆ្នាំមុនប៉ុណ្ណោះ ឬជិត១៩លានអឺរ៉ូ ដែលចាំបាច់សម្រាប់ការរុះរើវាចោលទាំងស្រុង។ រីឯឥណ្ឌូណេស៉ីវិញ បាននិយាយថា ការទទួលយកនាវាផ្ទុកយន្តហោះចម្បាំង Garibaldi គឺចំណេញទាំងពេលនិងថវិកា ធៀបជាមួយការទិញនាវាថ្មី ហើយវាអាចប្រើប្រាស់មានប្រយោជន៍ ក្នុងកិច្ចប្រឹងប្រែងចែកចាយជំនួយ នៅពេលមានគ្រោះមហន្តរាយ។ ទីក្រុងរ៉ូមគ្រោងសម្រេចឱ្យបានជាផ្លូវការ នូវការបរិច្ចាគនាវាផ្ទុកយន្តហោះចម្បាំងខាងលើ នៅត្រឹមខែធ្នូ ចុងឆ្នាំនេះ។
គួរបញ្ជាក់ថា វាគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់អ៉ីតាលី ដើម្បីពង្រីកការធ្វើអាជីវកម្មជាមួយឥណ្ឌូណេស៉ី។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni កំពុងព្យាយាមឈានឱ្យដល់កិច្ចព្រមព្រៀងលក់នាវាមុជទឹក និងយន្តហោះចម្បាំងឱ្យឥណ្ឌូណេស៉ី ដែលមានទំហំទឹកប្រាក់១.៥ពាន់លានអឺរ៉ូ។ កាលពីឆ្នាំ២០២៥ ក្រុមហ៊ុនផលិតនាវាអ៉ីតាលី Fincantieri បានប្រគល់នាវាចម្បាំង២គ្រឿង ដល់កងទ័ពជើងទឹកឥណ្ឌូណេស៉ី ក្រោមកិច្ចព្រមព្រៀងតម្លៃ១.២ពាន់លានដុល្លារ៕







