ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន គ្រោងចុះចេញពីតំណែង (Video inside)

29-04-2026 15:47

(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំទីក្រុងកៀវ លោកស្រី Julie Davis នឹងចុះចេញពីតំណែង ហើយចូលនិវត្តន៍ ចំពេលដែលកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីសម្រេចបទឈប់បាញ់ និងបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហាក់ដូចជាគ្មានដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦។

កាសែតអាមេរិក Financial Times ដែលរាយការណ៍ដំបូងគេ បានលើកឡើងថាលោកស្រី Davis ចង់ចុះចេញ ដោយសារតែមានគំនិតផ្ទុយពីគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកស្រី Davis ខកចិត្តនៅពេលដែលការគាំទ្រចំពោះអ៊ុយក្រែន ថយចុះ។

ក្រសួងការបរទេសអាមេរិកបានបដិសេធ ហើយថាវាជារឿងមិនពិតទេដែលលោកស្រី Davis ចាកចេញ ព្រោះតែមានទស្សនៈផ្ទុយពីលោក ត្រាំ។ អ្នកនាំពាក្យ លោក Tommy Pigott និយាយថា លោកស្រី Davis នឹងបន្តជំរុញគោលនយោបាយរបស់ប្រធានាធិបតី ត្រាំ រហូតដល់ពេលចាកចេញពីទីក្រុងកៀវជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៦ ហើយចូលនិវត្តន៍តែម្តង៕