អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន នឹងត្រូវដោះលែងចេញពីពន្ធនាគារ នៅខែឧសភា

29-04-2026 17:12

(បាងកក)៖ នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានពន្ធនាគារនៃប្រទេសថៃ បាននិយាយថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ នឹងត្រូវដោះលែងឱ្យមានសេរីភាពមុនពេលកំណត់ នៅខែក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បច្ចុប្បន្ន លោក ថាក់ស៉ីន កំពុងអនុវត្តទោសនៅពន្ធនាគារក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការកំពូល បានសម្រេចកាលពីឆ្នាំមុនថា នៅឆ្នាំ​២០២៣ រូបលោកអនុវត្តទោសជាប់ពន្ធនាគារមិនបានត្រឹមត្រូវ នៅមន្ទីរពេទ្យ ជំនួសឱ្យបន្ទប់ឃុំឃាំង។ លោក ថាក់ស៉ីន ធ្លាប់ជាប់ឆ្នោតលើកដំបូងជានាយករដ្ឋមន្រ្តីថៃ កាលពីឆ្នាំ២០០១ និងម្តងទៀតកាលពីឆ្នាំ២០០៥ ប៉ុន្តែបានរស់នៅនិរទេសខ្លួន បន្ទាប់ពី​អាណត្តិទី២របស់លោក ត្រូវបានយោធាធ្វើរដ្ឋប្រហារ។

គួរបញ្ជាក់ថា ភ្លាមៗពេលត្រឡប់មកចូលស្រុកវិញ នៅខែសីហា ឆ្នាំ២០២៣ លោក ថាក់ស៉ីន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទពុករលួយនិងរំលោភអំណាច។ ប៉ុន្តែជំនួសឱ្យបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ រូបលោកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងបន្ទប់ឯកជននៃមន្ទីរពេទ្យ ក្រោមហេតុផលស្ថានភាពសុខភាព។ ទោស៨ឆ្នាំរបស់លោក ត្រូវបានព្រះមហាក្សត្របន្ថយ មកនៅត្រឹម១ឆ្នាំ ហើយក្រោយមក ក៏ត្រូវបានដោះលែងមុនពេលកំណត់។ យ៉ាងណាមិញ កាលពីខែកញ្ញា ​ឆ្នាំ២០២៥ តុលាការកំពូលថៃ បានបង្គាប់ឱ្យនាំខ្លួនលោក ចូលពន្ធនាគារវិញ ដើម្បីអនុវត្តទោសឱ្យបានត្រឹមត្រូវ៕