អេមីរ៉ាតអារ៉ាប់រួម កំពុងពិនិត្យឡើងវិញនូវទំនាក់ទំនងពហុភាគី ក្រោយចាកចេញពី OPEC តែបដិសេធរឿងចាកចេញពីអង្គការផ្សេងទៀត (Video inside)

29-04-2026 20:21

(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃពុធនេះ បានបង្ហើបឱ្យដឹងថា ប្រទេសរបស់ខ្លួនកំពុងធ្វើការវាយតម្លៃឡើងវិញនូវតួនាទី និងការចូលរួមនៅក្នុងបណ្តាអង្គការពហុភាគីនានា ប៉ុន្តែមិនមានគម្រោងចាកចេញពីស្ថាប័នណាមួយបន្ថែមទៀតនៅពេលនេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបញ្ជាក់នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងអាប៊ូដាប៊ី បានប្រកាសយ៉ាងភ្ញាក់ផ្អើលនូវការចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធភាព OPEC+ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែឧសភាខាងមុខ។ ការសម្រេចចិត្តនេះ បានបង្កឱ្យមានការសង្ស័យថា UAE អាចនឹងចាកចេញពីអង្គការក្នុងតំបន់ផ្សេងទៀតដូចជា សម្ព័ន្ធអារ៉ាប់ (Arab League) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាដើម ខណៈដែលទំនាក់ទំនងសម្ព័ន្ធភាពជាមួយអារ៉ាប៊ីសាអូឌីត កំពុងមានភាពរកាំរកូសជុំវិញគោលនយោបាយប្រេង និងភូមិសាស្ត្រនយោបាយ។

មន្ត្រីជាន់ខ្ពស់ UAE លោក អាន់វ៉ា ហ្គាហ្គាស់ (Anwar Gargash) បានរិះគន់ថា ជំហរនយោបាយ និងយោធារបស់ GCC ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមនៅអ៊ីរ៉ង់ គឺមានភាពទន់ខ្សោយបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានសង្កត់ធ្ងន់ថា UAE នឹងធ្វើការពិនិត្យពិច័យយ៉ាងល្អិតល្អន់លើទំនាក់ទំនងអន្តរជាតិ ដើម្បីកំណត់ថា «តើអ្នកណាដែលអាចទុកចិត្តបាន» ហើយគោលដៅចុងក្រោយរបស់ UAE គឺការរក្សាបាននូវ «ស្វ័យភាពយុទ្ធសាស្ត្រ» របស់ខ្លួន។

បច្ចុប្បន្ន UAE ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងតំបន់ បានសម្រេចពង្រឹងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាពិសេសបន្ទាប់ពីរងការវាយប្រហារក្នុងសង្គ្រាមអ៊ីរ៉ង់។ ទីក្រុងអាប៊ូដាប៊ី មើលឃើញថា ទំនាក់ទំនងជាមួយអ៊ីស្រាអែល គឺជាឧបករណ៍ដ៏សំខាន់សម្រាប់បង្កើនឥទ្ធិពលក្នុងតំបន់ និងជាច្រកផ្លូវដ៏ពិសេសមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន៕​