លោក ត្រាំ ជំរុញឱ្យអ៊ីរ៉ង់ប្រញាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខណៈអាមេរិកត្រៀមពន្យារការបិទខ្ទប់កំពង់ផែ (Video inside)
29-04-2026 20:50
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធនេះ បានជំរុញឱ្យប្រទេសអ៊ីរ៉ង់ «មានភាពឆ្លាតវៃឱ្យបានឆាប់» និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ បន្ទាប់ពីការចរចាបានជួបភាពជាប់គាំងជាច្រើនថ្ងៃ។ ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈពន្យារវិធានការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់បន្ថែមទៀត ដើម្បីដាក់សម្ពាធឱ្យកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមសារព័ត៌មាន Wall Street Journal លោក ត្រាំ បានបង្គាប់ឱ្យក្រុមជំនួយការរៀបចំផែនការពន្យារការបិទខ្ទប់កំពង់ផែសមុទ្ររបស់អ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំឱ្យទីក្រុងតេហេរ៉ង់ចុះចាញ់។ ក្រុមមន្ត្រីបានបង្ហើបថា លោក ត្រាំ បានជ្រើសរើសយកមធ្យោបាយរឹតបន្តឹងសេដ្ឋកិច្ច និងការនាំចេញប្រេងតាមរយៈការបិទខ្ទប់នេះ ជាជាងការបន្តទម្លាក់គ្រាប់បែក ឬការដកខ្លួនចេញពីជម្លោះទាំងស្រុង ព្រោះវាមានហានិភ័យទាបជាង។
ជុំវិញបញ្ហានុយក្លេអ៊ែរ លោក ត្រាំ បានរិះគន់តាមបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់ហាក់មិនទាន់យល់ពីរបៀបចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនមែននុយក្លេអ៊ែរនៅឡើយទេ។ បច្ចុប្បន្ន អ៊ីរ៉ង់មានស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិត ៦០ភាគរយ ប្រមាណ ៤៤០គីឡូក្រាម ដែលជាកម្រិតមួយអាចយកទៅផលិតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើបន្តការចម្រាញ់ឱ្យកាន់តែខ្ពស់ជាងនេះ។
ជាការឆ្លើយតប មន្ត្រីអ៊ីរ៉ង់បានអះអាងថា ប្រទេសរបស់ខ្លួនអាចទប់ទល់នឹងការបិទខ្ទប់នេះបាន តាមរយៈការប្រើប្រាស់ផ្លូវពាណិជ្ជកម្មជំនួសផ្សេងៗទៀត និងបានបញ្ជាក់ថាពួកគេមិនទាន់ចាត់ទុកសង្គ្រាមនេះថាបានបញ្ចប់នៅឡើយទេ៕




