លោក ពូទីន និងលោក ត្រាំ ពិភាក្សាពីអ៉ីរ៉ង់ អ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ (Video inside)
30-04-2026 09:10
(មូស្គូ)៖ មន្ត្រីជាន់ខ្ពស់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បានឱ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំង២ បានជជែកគ្នាអំពីសង្រ្គាមអ៉ីរ៉ង់ និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថានការណ៍ពាក់ព័ន្ធនឹងអ៉ីរ៉ង់ និងតំបន់ឈូងសមុទ្រពែក្ស។ «លោកប្រធានាធិបតី ពូទីន បានចាត់ទុកថាការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីពន្យារបទឈប់បាញ់ជាមួយអ៉ីរ៉ង់គឺជារឿងត្រឹមត្រូវ ដ្បិតវាបានផ្ដល់ឱកាស ដល់កិច្ចចរចា និងជួយស្ដារស្ថានការណ៍ឱ្យមានស្ថិរភាពឡើងវិញ»។ នេះជាការគូសបញ្ជាក់របស់លោក Ushakov។
ក៏ប៉ុន្តែបើតាមលោក Ushakov លោក ពូទីន ក៏បានគូសបញ្ជាក់ផងដែរប្រសិនបើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់ នោះសហគមន៍អន្តរជាតិទាំងមូលនឹងរងផល ប៉ះពាល់ដោយចៀសមិនរួច ពោលគឺមិនត្រឹមតែអ៉ីរ៉ង់ និងបណ្ដាប្រទេសក្បែរខាងរបស់អ៉ីរ៉ង់ប៉ុណ្ណោះទេដែលនឹងរងផលប៉ះពាល់។
នៅឯទីក្រុងវ៉ាស៊ីនតោនឯណោះវិញ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកមានកិច្ចសន្ទនាដ៏ល្អប្រសើរជាមួយលោក ពូទីន ហើយថាលោកបានផ្ដោតលើសង្រ្គាមនៅអ៊ុយក្រែនខ្លាំងជាង សង្រ្គាមអ៉ីរ៉ង់។ លោក ត្រាំបន្ថែមថាលោក ពូទីន មានបំណងចង់ជួយបិទបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ប៉ុន្តែលោកបានប្រាប់មេដឹកនាំរុស្ស៉ីថាគួរតែបិទបញ្ចប់សង្រ្គាម ប្រឆាំងអ៊ុយក្រែនជាមុន៕




