ប៉ះសម្ដីគ្នាមួយប្រាវ លោក ត្រាំ គំរាមកាត់បន្ថយកងទ័ពអាមេរិកឈរជើងនៅអាល្លឺម៉ង់ (Video inside)
30-04-2026 09:48
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានរិះគន់អាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត NATO ផ្សេងទៀតសម្រាប់ការមិនបញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ថារដ្ឋបាលរបស់លោកកំពុងពិចារណាលើការកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹកនាំអាល្លឺម៉ង់លើកឡើងថាអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកបាក់មុខនៅក្នុងកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាម។ លោក Merz កាលពីថ្ងៃពុធបាននិយាយថាទំនាក់ទំនងជាមួយលោក ត្រាំ នៅតែមានភាពល្អប្រសើរ បើទោះជាមួយការខ្វែងគំនិតគ្នាលើសង្រ្គាមក៏ដោយ។
យ៉ាងណាក៏ដោយ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងសិក្សា និងត្រួតពិនិត្យឡើងវិញពីលទ្ធភាពកាត់បន្ថយវត្តមានកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយការប្ដេជ្ញាចិត្តដែលនឹងត្រូវបានធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ»។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីស្ថាប័ន US Defense Manpower Data Center គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិកមានកងទ័ព ៦៨០០០នាក់ កំពុងឈរជើងជាអចិន្ត្រៃយ៍ក្នុងទឹកដីអឺរ៉ុប ហើយក្នុងនោះមាន ៣៦៤០០នាក់ឈរជើងនៅអាល្លឺម៉ង់៕







