Axios ៖ មេបញ្ជាការយោធាអាមេរិកនឹងសង្ខេបជូនលោក ត្រាំ នូវជម្រើសយោធាថ្មីៗប្រឆាំងអ៉ីរ៉ង់ (Video inside)
30-04-2026 10:53
(Reuters)៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលបានការសង្ខេបខ្លីៗអំពីជម្រើសយោធាប្រឆាំងនឹងអ៉ីរ៉ង់ ពីមេបញ្ជាការនៃទីបញ្ជាការកណ្ដាលអាមេរិកដែលទទួលបន្ទុកលើតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ថា CENTCOM លោកឧត្តមនាវី Brad Cooper។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Axios បានឱ្យដឹងទៀតថាការសង្ខេបអំពីជម្រើសយោធាជូនលោក ត្រាំ នឹងត្រូវធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅវ៉ាស៊ីនតោន)។ តែខាងសេតវិមានភ្លាមៗមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។
បើតាមសេចក្ដីរាយការណ៍របស់ Axios CENTCOM បានរៀបចំផែនការមួយសម្រាប់រលកនៃការវាយប្រហារតាមផ្លូវអាកាសមានរយៈពេលខ្លី និងដ៏មានថាមពលប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីដាក់សម្ពាធលើអ៉ីរ៉ង់ដោយសង្ឃឹមថាទីក្រុងតេហេរ៉ង់នឹងមានភាពបត់បែនជាងមុននៅឯតុចរចាស្ដីពីបញ្ហា នុយក្លេអ៊ែរ។ សេចក្ដីរាយការណ៍របស់ Axios ក៏បានឱ្យដឹងដែរថាជម្រើសផ្សេងទៀតរបស់យោធាអាមេរិកដែលនឹងត្រូវសង្ខបជូនលោក ត្រាំ នោះគឺការផ្តោតលើការគ្រប់គ្រង ផ្នែកមួយចំនួននៃច្រកសមុទ្រ Hormuz ដើម្បីបើកការធ្វើចរាចរណ៍របស់កប៉ាល់ដឹកប្រេងឡើងវិញ។
តែការធ្វើប្រតិបត្តិការរបៀបនេះនឹងត្រូវឱ្យមានការដាក់ពង្រាយកងទ័ពជើងថ្មើរជើង។ លើសពីនេះទៅទៀត យោធាអាមេរិកក៏មានជម្រើសផ្សេងផងដែរ គឺការធ្វើប្រតិបត្តិការរយៈពេលខ្លីរបស់កុម៉្មង់ដូរអាមេរិកដើម្បីចូលទៅរឹបអូសយកអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់របស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា បើតាម Axios នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ Dan Caine ក៏ត្រូវបានរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ផងដែរ៕




