ប្រេងឆៅ Brent ឡើងថ្លៃដល់ជាង ១២០ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃព្រហស្បតិ៍នេះ (Video inside)

30-04-2026 11:24

(Reuters)៖ តម្លៃប្រេងបានហក់ឡើងយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាលើជម្រើសយោធាប្រឆាំងអ៉ីរ៉ង់ ដើម្បីបំបែកភាពជាប់គាំងក្នុងកិច្ចចរចាបញ្ចប់សង្គ្រាម ដែលបង្កើនក្តីបារម្ភពីការរំខានថែមទៀត ចំពោះការផ្គត់ផ្គង់ប្រេង ដែលការនាំចេញត្រូវបានកាត់បន្ថយរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សន្ទសន៍ប្រេងឆៅប្រភេទ Brent បានកើនឡើងជិត ៥ភាគរយ ដល់តម្លៃជាង ១២៣ដុល្លារក្នុងមួយបារ៉ែល។ រីឯសន្ទសន៍ប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើងជាង ២ភាគរយ ដល់តម្លៃជិត ១១០ដុល្លារក្នុងមួយបារ៉ែល។ នេះជាតួលេខខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ៤ខែ។

សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលបានការសង្ខេបខ្លីៗអំពីជម្រើសយោធាប្រឆាំងអ៉ីរ៉ង់ ពីទីបញ្ជាការកណ្ដាលអាមេរិកដែលទទួលបន្ទុកលើតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ថា CENTCOM។ CENTCOM បានរៀបចំផែនការមួយ សម្រាប់រលកនៃការវាយប្រហារតាមផ្លូវអាកាសមានរយៈពេលខ្លី និងដ៏មានថាមពលប្រឆាំងនឹងអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីដាក់សម្ពាធលើអ៉ីរ៉ង់ ដោយសង្ឃឹមថា ទីក្រុងតេហេរ៉ង់នឹងមានភាពបត់បែនជាងមុន នៅឯតុចរចាស្ដីពីបញ្ហានុយក្លេអ៊ែរ។

មន្ត្រីម្នាក់និយាយថា សហរដ្ឋអាមេរិកក៏អាចពន្យារពេលបិទផ្លូវទឹកអ៉ីរ៉ង់ ក្នុងរយៈពេលជាច្រើនខែទៀតផងដែរ។ នេះបើតាមការប្រាប់ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនប្រេង នៅក្នុងកិច្ចប្រជុំមួយជាមួយលោក ត្រាំ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានបដិសេធសំណើចុងក្រោយបំផុតរបស់អ៉ីរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ៕