មេដឹកនាំថ្មី លោក Peter Magyar ជំរុញដល់ EU ឱ្យទម្លាក់លុយមូលនិធិមកហុងគ្រីឡើងវិញ (Video inside)

30-04-2026 11:50

(ព្រុចសែល)៖ អនាគតនាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រី លោក Peter Magyar បានអះអាងថានឹងមានការផ្តល់មូលនិធិសហភាពអឺរ៉ុប (EU) ដែលជាប់គាំងកន្លងមកដល់ទីក្រុង Budapest ឡើងវិញ បន្ទាប់ពីលោកបានជួបមន្រ្តីកំពូលៗ EU ក្នុងដំណើរលើកដំបូងទៅកាន់ទីក្រុងព្រុចសែល ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦។

លោក Magyar និយាយថា ​​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បានយល់ព្រមក្នុង​កិច្ចប្រជុំ​មួយ​ដ៏មាន​លក្ខណៈ​ស្ថាបនា​ ហើយដែលត្រូវជួបគ្នាម្តងទៀតនាចុង​ខែឧសភា ដើម្បីសម្រេចជុំវិញកិច្ចព្រមព្រៀង​បញ្ចេញ​មូលនិធិ។ តាមសារនៅលើបណ្តាញសង្គម លោក Magyar គូសបញ្ជាក់​ថា «និយាយឱ្យខ្លី មូលនិធិ​របស់​ EU នឹងមកដល់ក្នុងពេលឆាប់ៗ ដែលអាច​ឱ្យ​យើង​ ចាប់ផ្តើមដំណើរការ​សេដ្ឋកិច្ច​ហុងគ្រី​ឡើងវិញ​បាន»

ទីក្រុងព្រុចសែល បានផ្អាកការផ្តល់ថវិកាមូលនិធិប្រហែល ១៨ពាន់លានអឺរ៉ូ ឬ២១ពាន់លានដុល្លារសម្រាប់ហុងគ្រី ដោយសារក្តីបារម្ភអំពីបញ្ហានីតិរដ្ឋ និងអំពើពុករលួយ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី Viktor Orban។

រដ្ឋាភិបាលថ្មីហុងគ្រី មានពេលដល់ចុងខែសីហា ដើម្បីចាប់ផ្តើមជំរុញការធ្វើកំណែទម្រង់ប្រទេស ដើម្បីទទួលបានថវិកាចំនួន ១០ពាន់លានអឺរ៉ូ ដែលនៅសេសសល់ក្នុងមូលនិធិស្តារឡើងវិញដោយសារជំងឺកូវីដ ឬត្រូវបាត់បង់វាជារៀងរហូត៕