មន្ទីរបញ្ចកោណ៖ គិតត្រឹមពេលនេះ យោធាអាមេរិកចំណាយថវិកា ២៥ពាន់លានដុល្លារ ក្នុងសង្រ្គាមអ៉ីរ៉ង់ (Video inside)

30-04-2026 13:51

(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់មួយរូបនៃមន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា គិតចាប់តាំងពី​សង្រ្គាមអ៉ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ មកទល់នឹងពេលនេះ យោធាអាមេរិកបានចំណាយថវិកាចំនួន២៥ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Jules Hurst ដែលមានតួនាទីជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុរបស់មន្ទីរបញ្ចកោណ បានប្រាប់ក្រុមសមាជិកសភាអាមេរិកថា «យើងបានចំណាយថវិកាប្រហែល២៥ពាន់លានដុល្លារ ក្នុងប្រតិបត្តិ Epic Fury» ដែលលោកចង់សំដៅលើសង្រ្គាមនៅអ៉ីរ៉ង់។ ក្នុងសវនាការសាកសួរដដែលនោះ ប្រមុខមន្ទីរបញ្ចកោណ គឺរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth ក៏បានចោទសួរ​បកទៅវិញ ប្រឆាំងសំណួរស្តីពីការចំណាយក្នុងសង្រ្គាម។ លោក Hegseth បានលើកឡើងដូច្នេះថា «ខ្ញុំចង់សួរ​គណៈកម្មាធិការសភានេះថា តើតម្លៃប៉ុនណាដែលសក្តិសម ដើម្បីធានាថាអ៉ីរ៉ង់គ្មានថ្ងៃអាចមានអាវុធនុយក្លេអ៊ែរ?»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានរួមដៃជាមួយអ៉ីស្រាអែល ធ្វើសង្រ្គាមតាមផ្លូវអាកាសប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារដោយមិនកំណត់ពេលវេលា នូវបទឈប់បាញ់មួយ ដែលដំបូងឡើយមានសុពលភាពត្រឹម២សប្តាហ៍។ បទឈប់បាញ់បានជួយឱ្យផ្អាកការប្រយុទ្ធគ្នា ប៉ុន្តែបញ្ហាជម្លោះ និងផលវិបាកសេដ្ឋកិច្ចយ៉ាងទូលំទូលាយ បន្តមិនទាន់អាចដោះស្រាយចេញនៅឡើយ៕