អតីតមេដឹកនាំមីយ៉ាន់ម៉ា អោងសាន ស៊ូជី ទទួលបានការបន្ធូរបន្ថយទោសបន្ថែមទៀត (Video inside)

30-04-2026 15:09

(ណៃពិដោ)៖ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ អតីតមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ឃុំខ្លួន ទទួលបានការបន្ធូរបន្ថយទោសបន្ថែមទៀត ក្រោមក្របខណ្ឌនៃការលើកលែងទោសទូលំទូលាយមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សមាជិកម្នាក់នៃក្រុមមេធាវីការពារក្តីរបស់លោកស្រី បានឱ្យដឹងថា លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយទោសក្នុងកម្រិត១ភាគ៦ នៃទោសជាប់ពន្ធនាគារសរុបរបស់លោកស្រី។ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោកស្រី ក៏ទើបទទួលបានការបន្ធូរបន្ថយទោសស្រដៀងគ្នា ផងដែរ។ បើតាមប្រភពដដែល ការបន្ធូរបន្ថយទោសទាំងនេះ មានន័យថា ទោសជាប់ពន្ធនាគាររបស់លោកស្រី ឥឡូវថយមកនៅត្រឹម​ប្រហែលជាង១៨ឆ្នាំ។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី បច្ចុប្បន្នអាយុ៨០ឆ្នាំ និងមានទោសត្រូវជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ៣៣ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រីមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ ក្រោមការបន្ធូរបន្ថយទោសកាលពីឆ្នាំ២០២៣ ទោសរបស់លោកស្រីបានថយមកនៅ២៧ឆ្នាំ។ លោកស្រី អោងសាន ស៊ូជី បានជាប់ឃុំឃាំងរហូតមក ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី ត្រូវបានយោធាធ្វើរដ្ឋប្រហារ​ កាលពីខែកុម្ភៈ ឆ្នាំ២០២១៕