គ្រួសារជនរងគ្រោះ ក្នុងករណីបាញ់ប្រហារនៅកាណាដា ប្តឹងក្រុមហ៊ុន OpenAI ជុំវិញការប្រើ ChatGPT ធ្វើផែនការប្រព្រឹត្តអំពើហិង្សា (Video inside)
30-04-2026 16:10
(San Francisco)៖ គ្រួសារជនរងគ្រោះនៃការបាញ់ប្រហារដ៏សាហាវ នៅប្រទេសកាណាដា កាលពីប៉ុន្មានខែមុន បានប្តឹងក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិ លោក Sam Altman នៅក្នុងតុលាការអាមេរិក ដោយចោទប្រកាន់ក្រុមហ៊ុនថាបានដឹងមុន ៨ខែពីការវាយប្រហារនោះ ដោយសារខ្មាន់កាំភ្លើង បានរៀបចំផែនការវាយប្រហារតាមប្រព័ន្ធ ChatGPT ហើយក្រុមហ៊ុនក៏មិនបានរាយការណ៍ទៅប៉ូលិស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦។
បណ្តឹងចំនួន៧ ដែលដាក់ទៅកាន់តុលាការសហព័ន្ធនៃទីក្រុង San Francisco ចោទប្រកាន់ថ្នាក់ដឹកនាំ OpenAI ពីការមិនជូនដំណឹងដល់ប៉ូលិស ពីព្រោះវាអាចនឹងលាតត្រដាងទំហំនៃការសន្ទនាពាក់ព័ន្ធអំពើហិង្សានៅលើ ChatGPT នាំឱ្យក្រុមហ៊ុនទទួលខុសត្រូវបង់សំណងសាធារណៈជិត ១ទ្រីលានដុល្លារ ប្រសិនបើមានគ្រោះថ្នាក់ណាមួយកើតឡើង។
អ្នកនាំពាក្យរបស់ OpenAI និយាយថា ក្រុមហ៊ុនមានគោលការណ៍ មិនអត់ឱនចំពោះការប្រើប្រាស់មុខងារ AI របស់ខ្លួន ដើម្បីជួយដល់ការប្រព្រឹត្តអំពើហិង្សា។ ក្រុមហ៊ុនបានពង្រឹងប្រព័ន្ធសុវត្ថិភាព ChatGPT តាមរយៈការឆ្លើយតបដោយគិតគូរជាងមុន ចំពោះសំណួរពាក់ព័ន្ធនឹងទុក្ខសោក សុខភាពផ្លូវចិត្ត ការគំរាមកំហែង និងភាពតានតឹង ក៏ដូចជាទម្រង់នៃបទល្មើសផ្សេងៗ។
គួរបញ្ជាក់ថា ការបាញ់ប្រហារបានកើតឡើង កាលពីខែកុម្ភៈ នៅតំបន់ Tumbler Ridge ខេត្ត British Columbia សម្លាប់មនុស្ស ៩នាក់ដែលភាគច្រើនជាកុមារ៕







