រូបថតជាមួយ​ចប​ជីក​ បង្ហាញពីមោទនភាពនិង​​ក្តីប្រាថ្នា

30-04-2026 17:04

(ប៉េកាំង)៖ នៅក្នុងសកម្មភាពដាំដើមឈើ​ស្ម័គ្រចិត្តជា​រៀងរាល់​ឆ្នាំ​ លោក​Xi Jinping ប្រធាន​រដ្ឋ​ចិន​​តែង​លើកចបជីក​​នៅលើស្មា​ ហើយពូន​​ដី​និង​ស្រោចទឹក​ជាមួយអ្នក​ក្រុង​។

ភាពស្ទាត់ជំនាញរបស់លោក​ ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍កសិកម្ម បាន​ធ្វើឱ្យ​មនុស្សជាច្រើន​ស្មាន​ថា លោក​ជាកសិករដែលមានបទពិសោធការងារ​កសិកម្មច្រើន​ ។ រូបថតទាំង​នេះ​ក៏បានញ៉ាំង​ឱ្យ​អ្នក​ប្រើអ៊ីន​ធឺណិត​នាំគ្នា​ពិភាក្សាគ្នាយ៉ាងផលផុសក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ។

រូបថត​នា​ចុង​ទសវត្សរ៍​ឆ្នាំ ១០៨០ នេះ​បាន​កត់ក្រាពី​​លោកXi Jinping ដែល​​ជា​លេខាគណៈកម្មការ​បក្ស​កុម្មុយនីស្ត​ចិននៃ​ក្រុង​ Ningde ​ខេត្ត Fujian ​​ប្រទេស​ចិន កំពុង​កាន់​ចបកាប់​នៅ​លើ​ស្មា ដើរឆ្លង​​កាត់​វាលស្រែ​ ​ដើម្បី​ចូលធ្វើ​ការ​ជាមួយកសិករ​ក្នុង​តំបន់។

លោក​Xi Jinping តែងតែង​​កោតសរសើរចំពោះ​ពលករ ​និង​មានទំនាក់ទំនង​​យ៉ាងជិត​​ស្និទ្ធ​ជាមួយ​ពលករ​ នេះ​គឺ​ដោយសារ​លោក​មាន​បទពិសោធធ្វើការ​នៅ​ភូមិ​ Liangjiahe ដែលពីមុនជាភូមិក្រីក្រ​មួយនៅលើខ្ពង់រាបដីលឿង​ដ៏រាំង​ស្ងួតរបស់ប្រទេសចិន​។
នៅពេលដែលលោកXi ទើបទៅ​​ដល់ភូមិនេះកាលពី​ឆ្នាំ ១៩៦៩ លោក​មានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ។ ទោះបីជាមានការលំបាកយ៉ាង​ណា​ក៏ដោយ អ្នកភូមិ​ក៏​ខិតខំអស់ពី​​លទ្ធភាព​ដើម្បី​​ថៃ​រក្សា​ក្រុម​យុវជន​ដែល​មក​ពីទីក្រុង​ ក្នុងនោះ​បូក​រួម​ទាំង​លោក​Xi Jinping ​ដែរ។​ ​លោក​បាន​រំលឹក​ឡើង​ថា​ «ពេល​ខ្ញុំ​អត់​ឃ្លាន ​ពួកគេបានផ្តល់​អាហារឱ្យ​ខ្ញុំ​​ ពេល​ខោរអាវ​ប្រឡាក់​ ពួក​គេជួយបោកឱ្យ​ខ្ញុំ​​ ពេល​ខោរខូច​ ពួក​គេ​ជួយ​ប៉ះឱ្យ​ខ្ញុំ»។

ក្នុងអំឡុងពេលធ្វើ​ការ​រយៈពេលប្រាំពីរឆ្នាំនៅ​ភូមិ​​ Liangjiahe លោក Xi បានធ្វើការជាមួយអ្នកភូមិ ដូចជា​ដាំ​ដំណាំ ឃ្វាលសត្វ​ចៀម និងដឹកធ្យូងថ្មជាដើម​។ លោកបានចូលរួមជាមួយបក្សកុម្មុយនីស្ត​ចិន​នៅទីនោះ ហើយក្រោយមកបានត្រូវ​តែង​តាំង​ជាលេខា​ភូមិ​​ ដែលជាការចាប់ផ្តើមនៃអាជីពនយោបាយរបស់លោក។

លោក Xi បានរំលឹកថា បំណងប្រាថ្នារបស់លោកនៅពេលនោះគឺ «ចង់ធ្វើ​ឱ្យអ្នកភូមិបរិភោគ​​​សាច់​បាន​ឆ្អែត​ និងបាន​​ញឹញាប់​ »។
លោក Xi បាន​សាងសង់ឡជីវឧស្ម័នមួយនៅភូមិ Liangjiahe ដែលជាឡជីវឧស្ម័នដំបូងគេបង្អស់នៅក្នុងខេត្តកាលពីនោះ​។ ឡជីវឧស្ម័ននេះបានដោះស្រាយបញ្ហាកង្វះខាតធ្យូងថ្ម និងអុសក្នុង​រយៈពេល​យូរ​​ ដែលបាន​កែ​លម្អ​ជីវភាព​រស់​នៅរបស់​អ្នក​ភូមិ​យ៉ាងខ្លាំង។

សម្រាប់លោក Xi ភាព​សប្បាយ​រីក​រាយ​គឺ​មកពី​​ការងារ ។ មោទនភាព​គឺ​សម្រាប់​ពលករ​ទាំង​អស់​​ ដោយ​មិន​បែងចែក​ពី​មុខរបរ​ណា​មួយ​ឡើយ​។ លោក Xi ធ្លាប់មាន​ប្រសាសន៍ថា​ "សង្គមត្រូវបានបង្កើតឡើងតាមរយៈកម្លាំងពលកម្ម។ ពលកម្ម​មិនបែង​​ចែក​ជា​​​ឋានៈខ្ពស់ ឬទាប ការងារទាំង​អស់​សុទ្ធតែមានមោទនភាព ​"។ លោក​ Xi ផ្តោត​លើ​ការ​ខិតខំ​តស៊ូ​ព្យាយាម ​ទោះ​ជា​ស្ថិតក្នុងកាលៈទេសៈ​ណាក្តី​ ដែល​បាន​បង្កើតជាអាកប្បកិរិយាអត់​ធ្មត​និង​អនុវត្ត​ជាក់ស្តែង​ក្នុង​ការ​ធ្វើ​អភិបាល​កិច្ច​របស់​លោក​។

ក្នុងអំឡុងពេលចុះ​ត្រួតពិនិត្យការងារតាម​ខេត្ត​​ លោកបានចុះ​​ត្រួតពិនិត្យការកសាងឡើងវិញនូវផ្ទះសម្បែង​នៅ​ជនបទបន្ទាប់ពីទឹកជំនន់ ដើរចូលទៅក្នុងវាលស្រែដើម្បីឆែក​មើល​ដំណាំ និង​ជួប​សំណេះ​សំណាល​យ៉ាង​ស្និទ្ធ​ស្នាល​ជាមួយ​កម្មកររោងចក្រ។ ក្នុង​ពេល​ជួប​ជាមួយ អ្នក​សារព័ត៌មានជាតិ​និង​អន្តរជាតិ​ បន្ទាប់ពីលោក​ទើប​បាន​តែង​តាំង​ជា​​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​នៅ​ខែវិច្ឆិកា ឆ្នាំ ២០១២ លោក Xi បានគូស​បញ្ជាក់​ថា​​ “ក្តីប្រាថ្នារបស់ប្រជាជនចិនក្នុង​ការ​ស្វែង​រក​ជីវភាព​​ល្អ​បវរ​ គឺជាគោលដៅខិត​ខំប្រឹង​ប្រែង​របស់​យើង​”៕

វិទ្យុមិត្តភាពកម្ពុជាចិន