បទវិភាគ​៖ ហេតុអ្វីបាន​ជា​រថយន្ត​របស់​ចិន​អាច​នាំ​មុខគេ​នៅលើ​ពិភព​លោក​ទាំង​មូល​?

30-04-2026 17:57

(ប៉េកាំង)៖ សាកថ្មគ្រាន់​តែ​៥នាទី អាច​បើកបរបន្ថែម​៤រយ​គីឡូម៉ែត្រ ហើយអាច​បន្ថយល្បឿន​ដោ​យ​ស្វ័យប្រវត្តិនៅពេលជួបឧបសគ្គ​។ល។ ក្នុង​ពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងលើក​ទី​១៩​ឆ្នាំ២០២៦ បច្ចេកវិទ្យាទំនើបៗគ្រប់បែប​យ៉ាង​បាន​បង្ហាញមុខ​ព្រមៗ​គ្នា ដែល​ធ្វើ​ឱ្យ​អ្នក​ផង​ទាំង​ពួងមាន​ចក្ខុវិស័យ​កាន់តែ​ទូលំទូលាយ​ចំពោះ​រថយន្ត​។

ប្រទេស​ចិន​ជា​ “មជ្ឈមណ្ឌលស្រូបទាញ​”​ ការ​ច្នៃប្រឌិត​ថ្មី​របស់​រថយន្ត​ ប្រទេស​ចិន​ហាក់​ដូច​ជា​ “កន្លែងហាត់ប្រាណ”របស់​ឧស្សាហកម្ម​រថយន្ត​សកល​ ។ល។ ប្រព័ន្ធសារព័ត៌មាន​បរ​ទេស​និង​សហគ្រាសបរទេស​ សុទ្ធតែ​ផ្តោតការយកចិត្តទុកដាក់​ចំពោះ​ពិព័រណ៍រថយន្ត​នេះដែ​ល​មាន​ទ្រង់ទ្រាយ​ធំបំផុត​ នៅលើ​ពិភពលោកដោយសម្គាល់ឃើញថា ប្រទេស​ចិន​បាន​និង​កំពុង​ក្លាយ​ជា​ទិសដៅដែលណែនាំ​ការ​ច្នៃប្រឌិតថ្មី ខាងបច្ចេកទេសរបស់​ឧស្សាហកម្ម​រថ​យន្ត​សកល។

ឆ្នាំនេះ ​ខ្សែសង្វាក់​ផ្គត់ផ្គង់និង​សហគ្រាស​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាចំនួន​លើស​ពី​២​ពាន់​ ដែល​មកពីប្រទេស​និងតំបន់​ចំនួន២១​ បាន​​ចូលរួមពិព័រណ៍ដែល​បាន​គ្រប់ដណ្តប់​គ្រប់​ប្រ​ភេទ​​ គ្រប់វិស័យ​និង​គ្រប់​ស្រទាប់ថ្នាក់។ មានរថយន្តចំនួន១៤៥១ គ្រឿង ត្រូវបាន​ដាក់​តាំង​បង្ហាញ ក្នុង​នោះ​មានរថយន្តចំនួន១៨១គ្រឿង បង្ហាញមុខជាលើកដំបូង និង​រថយន្ត​គំនិត​ (Concept Car) ចំនួន​៧១គ្រឿង។ ម៉ាករបស់​ចិន​បាន​ប្រកាស​បច្ចេកទេស​គន្លឹះ​ចំនួន​៤២​ផ្នែក ​ដែល​បាន​បំបែក​កំណត់​ត្រាថ្មី​ក្នុង​ប្រវិត្តសាស្ត្រ​ ។

ក្នុងពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងលើក​នេះ មានបច្ចេកទេស​ពីរ​ផ្នែក​បាន​ទាក់​ទា​ញ​អ្នក​ផងទាំង​ពួងយ៉ាង​ខ្លាំង ។ មួយ​ផ្នែក​ គឺបច្ចេកទេស​ថ្ម​បាន​ដោះស្រាយ​ភាពលំបាក ​លើ​វិស័យ​អាយុកាលថ្ម​និង​បន្ថែម​ថាមពល​ មួយ​ផ្នែក​ទៀត ការ​ប្រើប្រាស់​បញ្ញាសិប្បនិមិ្មត លើ​វិស័យ​ជាច្រើនបាន​ធ្វើ​ឱ្យ​រថយន្ត​បំពាក់ “ខួរក្បាលដ៏វៃឆ្លាត” ។ ឥឡូវ​នេះ រថយន្ត​មិន​ត្រឹម​តែ​ជា​មធ្យោបាយ សម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ "ទម្រង់ជីវិតឆ្លាត​វៃចល័ត​” ដែ​ល​រួមបញ្ចូលប្រព័ន្ធជាច្រើនដូចជា តួរថយន្ត ថាមពល ព័ត៌មានកម្សាន្ត និងជំនួយ​បើកបរជា​ដើម​។

ហេតុអ្វីបានជាប្រទេសចិនបានក្លាយជា​ "កន្លែងហាត់ប្រាណ” នៃ​ឧស្សាហកម្ម​រថយន្ត​សកល​? មូលហេតុពី​ឬសគល់គឺ​ស្ថិតនៅលើ “ឧត្តមភាពផ្នែកច្នៃប្រឌិតថ្មីជាប្រព័ន្ធ” តែ​មួយ​គត់​របស់ប្រទេសចិន ដែលមិនត្រឹមតែបង្កើតជាដំណើរវិលជុំ​បិទខ្ទប់​ទាំងស្រុង​ចាប់​ពី​វត្ថុ​ធាតុ​ដើម​និងគ្រឿងបន្លាស់ស្នូលរហូតដល់ ការផលិតរថ​យន្តទាំង​មូល​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បាន​ក្លាយជា​​ "ប្រភពនៃការច្នៃប្រឌិត” សម្រាប់ឧស្សាហកម្មរថយន្តសកល តាមរយៈភាព​ជោគ​ជ័យ​ខាងបច្ចេកវិទ្យាលើវិស័យអាគុយ ការបើកបរដោយស្វ័យប្រវត្តិ និងកាប៊ីនឆ្លាតវៃ​ជា​ដើម​។

បន្ទាប់ពីកិច្ច​ខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ បរិមាណផលិតនិង​លក់​រថ​យន្ត​រប​ស់​ប្រទេសចិន បានជាប់ចំណាត់ថ្នាក់ទី១លើពិភពលោក ក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា។​ នៅ​ក្នុងត្រីមាសទីមួយឆ្នាំនេះ ការនាំចេញរថយន្តរបស់ប្រទេសចិន បានកើនឡើង៥៦,៧% បើ​ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ការនាំចេញ​រថ​យន្ត​ថាមពល​ថ្មី​បាន​កើន​ឡើង ១.២ដង​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​នៃឆ្នាំមុន។

បើនិយាយចំពោះក្រុមហ៊ុនផលិតរថយន្តបរទេស “ល្បឿនរបស់ចិន” គឺជាភាព​ទាក់​ទា​ញ​ដ៏ធំបំផុត។ ទិន្នន័យរបស់ ក្រុមហ៊ុនប្រឹក្សាយោបល់អាមេរិក Alix Partners បង្ហាញ​ថា ការ​អភិវឌ្ឍ​សម្រាប់​រថយន្តថាមពលថ្មីនៅក្នុងប្រទេសចិន មានរយៈពេលប្រហែល ២០​ខែ​ដែល​បាន​បង្រួញ​ពេលពាក់កណ្តាល ​បើប្រៀបធៀប​នឹងក្រុមហ៊ុនផលិតរថយន្តប្រពៃណី។ ដោយ​ពឹង​ផ្អែក​លើអត្ថប្រយោជន៍ពីប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យា​ឈានមុខគេ ទីផ្សារ​ដ៏​រឹង​មាំនិងសេណារីយ៉ូកម្មវិធីដ៏សម្បូរបែប នៅក្នុងប្រទេសចិន ក្រុមហ៊ុនផលិត​រថយន្ត​បរ​ទេស​ ក៏បានកាត់បន្ថយវដ្តស្រាវជ្រាវនិងអភិវឌ្ឍន៍​យ៉ាងច្រើនផងដែរ។

ក្នុងបរិបទបច្ចុប្បន្នដែលថាមពលសកល​មានកង្វះខាតនិងកំពុង​ធ្វើបរិវត្តកម្ម​បៃតង​ក្រុម​ហ៊ុនផលិតរថយន្តចិន កំពុងផ្លាស់ប្តូរពី "ការនាំចេញផលិតផល" ទៅជា " ការនាំចេញប្រ​ព័ន្ធ​អេកូឡូស៊ី" ពោល​គឺនាំយកសមត្ថភាពផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ រហូតដល់ស្តង់ដារ​ប​ច្ចេក​ទេស​ទៅដល់ក្រៅប្រទេស តាមទម្រង់​វិនិយោគលើរោងចក្រ បង្កើត​មជ្ឈមណ្ឌល​សិ​ក្សា​ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលក្លាយជាការគាំ​ទ្រដ៏​សំ​ខាន់​ សម្រាប់ជំរុញការធ្វើបរិវត្តកម្ម​បៃតងរបស់ពិភពលោក។

ឆ្លងតាមរយៈបង្អួចនៃពិព័រណ៍រថយន្តប៉េកាំង មនុស្សអាចមើលឃើញយ៉ាងច្បាស់​ថា ប្រ​ទេស​ចិនកំពុងបន្តពង្រឹង​អន្តរកម្មជាមួយពិភពលោក តាមរយៈការបើកចំហរ​និង​កិច្ចស​ហ​ប្រ​តិបត្តិការ ដោយប្រែក្លាយ ​"ភាពទាក់ទាញ” របស់ខ្លួនទៅជា​ "សមត្ថភាពច្នៃប្រឌិតថ្មី” របស់​សហ​គ្រាស ដើម្បីធ្វើឱ្យភាគលាភនៃ​ការធ្វើទំនើបកម្មតាមបែបផែនចិន ​មានអំណោយ​ផល​ដល់​ពិភពលោកទាំងមូល៕

វិទ្យុមិត្តភាពកម្ពុជាចិន