ប៉ាគីស្ថានពង្រឹងវិស័យការពារជាតិដែនសមុទ្រ តាមរយៈការដាក់ឱ្យដំណើរការនាវាមុជទឹកទំនើបរបស់ចិន (Video inside)

30-04-2026 21:11

(អ៊ីស្លាម៉ាបាដ)៖ កងទ័ពជើងទឹកប៉ាគីស្ថាន នឹងទទួលបានកងនាវាមុជទឹកដ៏ទំនើបដែលផលិតដោយប្រទេសចិន ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំរវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាប៉ាគីស្ថាន នាថ្ងៃព្រហស្បតិ៍នេះ ពិធីដាក់ឱ្យដំណើរការនាវាមុជទឹកដំបូងគេដែលមានឈ្មោះថា Hangor ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Sanya ប្រទេសចិន ដោយមានការចូលរួមពីប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari)។ មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានម្នាក់បានបង្ហើបថា កងនាវានេះនឹងមានសរុបចំនួន ៨គ្រឿង ដោយក្នុងនោះ ៤គ្រឿងនឹងផលិតនៅប្រទេសចិន និង ៤គ្រឿងទៀតនឹងផលិតនៅក្នុងប្រទេសប៉ាគីស្ថាន ក្រោមកម្មវិធីផ្ទេរបច្ចេកវិទ្យា។

គួរបញ្ជាក់ថា នាវាមុជទឹកថ្នាក់ Hangor នេះ ត្រូវបានបំពាក់ដោយអាវុធទំនើបៗ ប្រព័ន្ធសែនស័រកម្រិតខ្ពស់ និងបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យនាវាអាចមុជទឹកបានយូរដោយមិនបាច់ងើបឡើងលើផ្ទៃទឹកដើម្បីដកដង្ហើម។ អគ្គមេបញ្ជាការកងទ័ពជើងទឹកប៉ាគីស្ថាន លោក ណាវេដ អាស្រាហ្វ (Naveed Ashraf) បានចាត់ទុកព្រឹត្តិការណ៍នេះថាជា «របកគំហើញដ៏សំខាន់» ក្នុងការធ្វើទំនើបកម្មយោធាជើងទឹក និងការបង្កើនសមត្ថភាពកំញើញរាល់ការឈ្លានពាននានានៅក្នុងតំបន់។ ការពង្រឹងបន្ថែមសមត្ថភាពយោធានេះ កើតឡើងបន្ទាប់ពីប៉ាគីស្ថានបានជោគជ័យក្នុងការប្រើប្រាស់យន្តហោះចម្បាំង J-10C របស់ចិន ក្នុងជម្លោះជាមួយឥណ្ឌាកាលពីឆ្នាំមុន៕