អ៊ុយក្រែនស្នើសុំការបំភ្លឺពីសហរដ្ឋអាមេរិក ជុំវិញសំណើបទឈប់បាញ់របស់រុស្ស៊ីសម្រាប់ខួបជ័យជម្នះសង្គ្រាមលោក (Video inside)

30-04-2026 21:15

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នាថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា លោកនឹងស្វែងរកការបំភ្លឺពីក្រុមការងាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញព័ត៌មានលម្អិតនៃសំណើបទឈប់បាញ់រយៈពេលខ្លីរបស់រុស្ស៊ី នាថ្ងៃបុណ្យជ័យជម្នះនៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សំណើបទឈប់បាញ់នេះ ត្រូវបានពិភាក្សានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ​​ បានបញ្ជាក់ថា បទឈប់បាញ់នេះនឹងគ្របដណ្តប់លើថ្ងៃទី៩ ខែឧសភា ដែលជាខួបនៃការទទួលជ័យជម្នះលើពួកណាហ្ស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ខណៈពេលវេលាជាក់លាក់នៅមិនទាន់ត្រូវបានកំណត់នៅឡើយ។

លោក ហ្សេឡេនស្គី បានបង្ហាញការមន្ទិលសង្ស័យចំពោះសំណើនេះ ដោយលោកបានចោទសួរថា តើវាគ្រាន់តែជាការធានាសុវត្ថិភាពរយៈពេលប៉ុន្មានម៉ោង សម្រាប់ការរៀបចំក្បួនព្យុហយាត្រានៅទីក្រុងមូស្គូ ឬក៏ជាអ្វីដែលលើសពីនេះ។ លោកបានសង្កត់ធ្ងន់តាមរយៈបណ្តាញសង្គម X ថា​ ​«សំណើរបស់យើង គឺបទឈប់បាញ់រយៈពេលវែង សន្តិសុខដែលគួរឱ្យទុកចិត្ត និងសន្តិភាពយូរអង្វែង។ អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការងារឆ្ពោះទៅរកគោលដៅនេះ ក្នុងទម្រង់ណាមួយដែលថ្លៃថ្នូរ និងមានប្រសិទ្ធភាព»។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក ពូទីន ក៏ធ្លាប់បានប្រកាសបទឈប់បាញ់រយៈពេល ៧២ម៉ោងដោយឯកតោភាគីក្នុងឱកាសដូចគ្នានេះដែរ ប៉ុន្តែត្រូវបានទីក្រុងកៀវចាត់ទុកថាជាល្បិចកល និងបានចោទប្រកាន់រុស្ស៊ីថាបានបំពានបទឈប់បាញ់របស់ខ្លួនឯងរាប់រយដង។ ចំពោះក្បួនព្យុហយាត្រានៅទីលានក្រហមក្នុងឆ្នាំនេះ វិមានក្រឹមឡាំងបានឱ្យដឹងថា នឹងរៀបចំឡើងក្នុងទ្រង់ទ្រាយតូចជាងឆ្នាំមុនៗ និងមិនមានការបង្ហាញសព្វាវុធធុនធ្ងន់នោះទេ ដោយសារតែការបារម្ភពីការគំរាមកំហែងភេរវកម្មពីសំណាក់អ៊ុយក្រែន៕​