សហភាពអឺរ៉ុបចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកអាមេរិកឡាទីន ដើម្បីទប់ទល់នឹងឥទ្ធិពលពន្ធគយរបស់អាមេរិក
30-04-2026 22:00
(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) និងប្លុកពាណិជ្ជកម្មអាមេរិកឡាទីន (Mercosur) នឹងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ចម្រូងចម្រាសមួយ នៅថ្ងៃសុក្រខាងមុខនេះ ដែល EU សង្ឃឹមថានឹងជួយសម្រាលផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងដែលបានចំណាយពេលចរចាអស់រយៈពេល ២៥ឆ្នាំនេះ ត្រូវបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ ដោយពួកគេជឿជាក់ថាវានឹងជួយទប់ទល់នឹងការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនសម្រាប់ធនធានរ៉ែសំខាន់ៗ។ ទោះជាយ៉ាងណា ប្រទេសបារាំង និងក្រុមអ្នកការពារបរិស្ថានបានបង្ហាញការជំទាស់ ដោយបារម្ភថាវានឹងធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក និងបង្កើនការបំផ្លិចបំផ្លាញព្រៃទឹកភ្លៀង។
ទោះបីជាសភាអឺរ៉ុបធ្លាប់បានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនេះកាលពីខែមករាក៏ដោយ ប៉ុន្តែគណៈកម្មការអឺរ៉ុបបានសម្រេចចិត្តដាក់ឱ្យអនុវត្តជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី០១ ខែឧសភា តទៅ។ ក្រុមអ្នកគាំទ្រសង្ឃឹមថា កិច្ចព្រមព្រៀងដែលមានការកាត់បន្ថយពន្ធគយទ្រង់ទ្រាយធំបំផុតរបស់ EU មួយនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងឆាប់រហ័សដល់អ្នកនាំចេញរបស់ខ្លួន ដើម្បីបង្ហាញពីគុណសម្បត្តិជាក់ស្ដែងនៅពេលមានការបោះឆ្នោតសម្រេចជាស្ថាពរពីសភាអឺរ៉ុបនាពេលអនាគត។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកសេដ្ឋកិច្ចបានព្រមានថា ផលចំណេញសេដ្ឋកិច្ចដែលទទួលបានពីកិច្ចព្រមព្រៀងនេះ ហាក់នៅមានកម្រិតនៅឡើយ ហើយវាប្រហែលជាមិនអាចប៉ះប៉ូវឱ្យបានពេញលេញនូវការខាតបង់ដែលបណ្តាលមកពីការរឹតត្បិតពាណិជ្ជកម្មពីសំណាក់សហរដ្ឋអាមេរិកនោះឡើយ៕




