អ៊ីរ៉ង់ព្រមានវាយបកយ៉ាងចាស់ដៃ ប្រសិនបើសហរដ្ឋអាមេរិកបន្តការវាយប្រហារ ខណៈតម្លៃប្រេងមានការប្រែប្រួលខ្លាំង (Video inside)

30-04-2026 22:25

(តេហេរ៉ង់)៖ នាថ្ងៃព្រហស្បតិ៍នេះ​ អ៊ីរ៉ង់បានចេញការព្រមានថា ខ្លួននឹងឆ្លើយតបតាមរយៈ «ការវាយប្រហារដ៏ឈឺចាប់ និងអូសបន្លាយរយៈពេលវែង» លើទីតាំងនានារបស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការវាយប្រហារសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះធ្វើឡើងចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងទទួលរបាយការណ៍សង្ខេបអំពីផែនការវាយប្រហារយោធាថ្មីៗលើអ៊ីរ៉ង់ ដើម្បីបង្ខំឱ្យប្រទេសនេះចូលតុចរចាបញ្ចប់ជម្លោះ។ ទោះបីជាមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី០៨ ខែមេសាក៏ដោយ ប៉ុន្តែការដោះស្រាយវិបត្តិបានឈានដល់ភាពជាប់គាំង ខណៈដែលអ៊ីរ៉ង់នៅតែបន្តបិទច្រកសមុទ្រហ័រមូស ដើម្បីឆ្លើយតបនឹងការបិទខ្ទប់កំពង់ផែ និងការនាំចេញប្រេងរបស់ខ្លួនពីសំណាក់អាមេរិក។

មន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ម៉ាជីដ មូសាវី (Majid Mousavi) បានបញ្ជាក់ថា រាល់ការវាយប្រហាររបស់អាមេរិក ទោះក្នុងកម្រិតណាក៏ដោយ នឹងជួបការសងសឹកលើមូលដ្ឋានទ័ព និងនាវាចម្បាំងអាមេរិកនៅក្នុងតំបន់។ ភាពតានតឹងនេះបានធ្វើឱ្យតម្លៃប្រេងសកលមានការប្រែប្រួលយ៉ាងខ្លាំង ដោយតម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់ជាង ១២៦ដុល្លារក្នុងមួយធុង មុនពេលធ្លាក់ចុះមកវិញត្រឹមប្រមាណ ១១៣ដុល្លារវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការវាយប្រហាររបស់អាមេរិក។

គួរបញ្ជាក់ថា ច្រកសមុទ្រហ័រមូសដែលជាផ្លូវដឹកជញ្ជូនប្រេង និងហ្គាសប្រមាណ ២០ភាគរយនៃពិភពលោក បានបន្តរងការរាំងខ្ទប់អស់រយៈពេលពីរខែមកហើយ ដែលបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងអំពីវិបត្តិសេដ្ឋកិច្ចសកល៕