អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី ស៊ូជី នឹងត្រូវបានផ្ទេរទៅឃុំខ្លួនក្នុងផ្ទះ (Video inside)
01-05-2026 09:28
(YANGON)៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាឱ្យផ្ទេរអតីតមេដឹកនាំលោកស្រី អោងសាន ស៊ូជី ទៅឃុំខ្លួនក្នុងផ្ទះ ៥ឆ្នាំបន្ទាប់ពីចាប់ឃុំខ្លួនលោកស្រីអំឡុងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់លោក មីន អោងឡាំង បានឱ្យដឹងថាលោកបានបន្ធូរបន្ថយទោសសេសសល់របស់លោកស្រី ស៊ូជី ដោយលោកស្រី ត្រូវអនុវត្តទោសជាប់ឃុំនេះនៅក្នុងផ្ទះ។ ភ្លាមៗ មិនទាន់មានព័ត៌មានថាតើលោកស្រីនឹងត្រូវបានផ្ទេរទៅឃុំខ្លួននៅទីណានោះទេ តែមន្ត្រីជាន់ខ្ពស់មកពី គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដែលត្រូវបានរំលាយចោលរបស់លោកស្រីស៊ូជី បានប្រាប់ AFP ថាលោកស្រីទំនងជានឹងត្រូវបានផ្ទេរទៅ ឃុំខ្លួនក្នុងផ្ទះមួយក្នុងរដ្ឋធានី Naypyidaw។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី អោងសាន ស៊ូជី ក៏ទទួលបានការបន្ធូរបន្ថយទោសបន្ថែមទៀត ក្រោមក្របខណ្ឌនៃការលើកលែងទោសទូលំទូលាយមួយ។ សមាជិកម្នាក់នៃក្រុមមេធាវីការពារក្តីរបស់លោកស្រី បានឱ្យដឹងថា លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយទោសក្នុងកម្រិត១ភាគ៦ នៃទោសជាប់ពន្ធនាគារសរុបរបស់លោកស្រី។ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោកស្រី ក៏ទើបទទួលបានការបន្ធូរបន្ថយទោសស្រដៀងគ្នាផងដែរ។ បើតាមប្រភពដដែល ការបន្ធូរបន្ថយទោសទាំងនេះ មានន័យថា ទោសជាប់ពន្ធនាគាររបស់លោកស្រី ឥឡូវថយមកនៅត្រឹមប្រហែលជាង១៨ឆ្នាំ។
លោកស្រី ស៊ូជី បច្ចុប្បន្នអាយុ៨០ឆ្នាំ និងមានទោសត្រូវជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ៣៣ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើនបទចោទ ដែលសម្ព័ន្ធមិត្តរបស់លោកស្រី មើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ ក្រោមការបន្ធូរបន្ថយទោសកាលពីឆ្នាំ២០២៣ ទោសរបស់លោកស្រីបានថយមកនៅ២៧ឆ្នាំ។ លោកស្រី អោងសាន ស៊ូជី បានជាប់ឃុំឃាំងរហូតមក ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី ត្រូវបានយោធាធ្វើរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១៕






