ចិនធ្វើប្រតិបត្តិការល្បាតជើងទឹក និងអាកាស ក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ខណៈអាមេរិក ហ្វីលីពីនធ្វើសមយុទ្ធយោធា (Video inside)
01-05-2026 09:37
(ប៉េកាំង)៖ យោធាចិនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ថាកងទ័ពជើងទឹក និងជើងអាកាសរបស់ខ្លួនបានដឹកនាំការធ្វើប្រតិបត្តិការល្បាតត្រៀមលក្ខណៈ ប្រយុទ្ធ នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិបត្តិការល្បាតខាងលើធ្វើឡើងជាការឆ្លើយតបទៅនឹងសមយុទ្ធយោធាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងរួមគ្នាជាមួយអូស្ត្រាលី នូវែលសេឡង់ ហ្វីលីពីន ជប៉ុន កាណាដា និងបារាំង ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ដើម្បីសម្ញែងអាវុធទំនើបៗ និងការត្រៀមលក្ខណៈ។ ទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាចិនបានឱ្យដឹងនៅក្នុង សេចក្ដីថ្លែងការណ៍មួយថា «ការធ្វើប្រតិបត្តិការល្បាតជាវិធានការទប់ទល់ទៅនឹងរាល់សកម្មភាពរំលោភបំពាន និងបង្ករឿង ជាពិសេសដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងស្ថិរភាព រួមទាំងសន្តិភាពក្នុងតំបន់សមុទ្រចិនខាងត្បូង»។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ឆ្មាំសមុទ្រចិនក៏បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយផងដែរដោយនិយាយថាខ្លួនបានដឹកនាំការល្បាតអនុវត្តច្បាប់នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal៕




