ប្រមុខការទូតចិន ប្រាប់ប្រមុខការទូតអាមេរិកថាតៃវ៉ាន់គឺជាហានិភ័យដ៏ធំបំផុត ក្នុងទំនាក់ទំនង (Video inside)
01-05-2026 09:53
(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ថាចិន និងសហរដ្ឋអាមេរិកគួរតែត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលដ៏សំខាន់រវាងមេដឹកនាំនៃប្រទេសទាំង២ ខណៈព្រមានថាបញ្ហាតៃវ៉ាន់ជាចំណុចហានិភ័យដ៏ធំបំផុតចំពោះទំនាក់ទំនង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមក្រសួងការបរទេសចិន លោក Wang Yi បានប្រាប់លោក Rubio ថាបញ្ហាតៃវ៉ាន់មានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ហើយថាសហរដ្ឋអាមេរិកគួរតែធ្វើតាមពាក្យសន្យា និងរើសយកជម្រើសត្រឹមត្រូវដើម្បីបើកចំហឱកាសថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក និងប្រឹងប្រែងដើម្បីសន្តិភាពពិភពលោក។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខការទូតនៃប្រទេសទាំង២ កើតមានឡើងប៉ុន្មានសប្ដាហ៍ មុននឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅពាក់កណ្ដាលខែឧសភានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ម្យ៉ាងវិញទៀត ការព្រមានរបស់លោក Wang Yi ក៏បានគូសបញ្ជាក់ដែរថាសំណុំរឿងតៃវ៉ាន់នឹងក្លាយជារបៀបវារៈកំពូលនៃជំនួបរវាងមេដឹកនាំទាំង២។
លោក Wang Yi និងលោក Rubio បានជួបគ្នាដោយផ្ទាល់លើកចុងក្រោយបំផុតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីខែកុម្ភៈកន្លងទៅ ចំពេលដែលមានភាពតានតឹងពាណិជ្ជកម្មនៃមហាអំណាចទាំង២៕




