ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រៀមធ្វើទស្សនកិច្ចទៅកាន់តៃវ៉ាន់ក្នុងខែឧសភានេះ ចំពោះមុខការបង្កើនសម្ពាធរបស់ចិន (Video inside)
01-05-2026 14:17
(អាសង់ស្យុង)៖ ប្រធានាធិបតីប្រទេសប៉ារ៉ាហ្កាយ លោក Santiago Pena នឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ចាប់ពីថ្ងៃទី៧ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចសំដៅធ្វើឱ្យទំនាក់ទំនងការទូត និងសេដ្ឋកិច្ចកាន់តែស៉ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។
គម្រោងទស្សនកិច្ចរបស់លោក គឺចំពេលដែលចិនបាននិងកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីអូសទាញប្រទេសអាមេរិកខាងត្បូងមួយនេះ ចេញពីតៃវ៉ាន់។ ទស្សនកិច្ចនោះនឹងជាលើកទី២ សម្រាប់លោក Pena ក្នុងនាមជាប្រធានាធិបតី ទៅកាន់តៃវ៉ាន់។ ប៉ារ៉ាហ្កាយ ស្ថិតក្នុងចំណោមប្រទេសតែ១២ប៉ុណ្ណោះលើពិភពលោក ដែលនៅរក្សាទំនាក់ទំនងផ្លូវការជាមួយដែនកោះនេះ ដែលត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ ប៉ារ៉ាហ្កាយ គឺជាសម្ព័ន្ធមិត្តការទូតចុងក្រោយបង្អស់របស់តៃវ៉ាន់ នៅក្នុងតំបន់អាមេរិកខាងត្បូង។
លោក Pena ត្រូវបានរំពឹងថា នឹងចំណាយពេល៤ថ្ងៃនៅតៃវ៉ាន់។ បើតាមក្រសួងការបរទេសតៃវ៉ាន់ លោក Pena នឹងដឹកនាំប្រតិភូមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរួមជាមួយក្រុមធុរជន ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែឧសភា ហើយនឹងមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងជំនួបជាមួយមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te។
គួរបញ្ជាក់ថា ចិនបាននិងកំពុងបង្កើនការទាក់ទងជាមួយក្រុមអ្នកនយោបាយរបស់ប៉ារ៉ាហ្កាយ។ សេចក្តីរាយការណ៍មួយរបស់ Reuters កាលពីខែមីនា បានគូសរំលេចអំពី ការដែលសមាជិកសភាប៉ារ៉ាហ្កាយ អ្នកកាសែត និងអ្នកនយោបាយប្រឆាំងជាច្រើននាក់ បាននាំគ្នាធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន គិតចាប់តាំងពីចុងឆ្នាំ២០២៣ ចំពោះមុខការកើនឡើង នៃការជជែកដេញដោលផ្ទៃក្នុង ជុំវិញសំណួរថាតើការរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ អាចមានផលប៉ះពាល់ចំពោះសេដ្ឋកិច្ចប៉ារ៉ាហ្កាយ ដែរឬយ៉ាងណា៕






