វ៉េណេស៊ុយអេឡា ចុះកិច្ចព្រមព្រៀងប្រេងនិងឧស្ម័នជាមួយក្រុមហ៊ុនអាមេរិក (Video inside)
01-05-2026 17:05
(ការ៉ាកាស)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក ដើម្បីព្យាយាមបង្កើនការផលិតប្រេងនិងឧស្ម័ន ដែលវាគឺជាសញ្ញាថ្មីចុងក្រោយមួយទៀត នៃការជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលកំពុងសហការជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោមការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ដើម្បីបំពេញតាមការទាមទាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលចង់បានសិទ្ធិចូលទៅទាញយកផលប្រយោជន៍ ពីធនធានប្រេងដ៏ច្រើនសម្បើមរបស់វ៉េណេស៊ុយអេឡា។
លោកស្រី Rodriguez គឺជាអនុប្រធានាធិបតីរបស់លោក Maduro មុនពេលលោកត្រូវបានយោធាអាមេរិកចាប់ខ្លួនយកទៅទីក្រុងញូវយ៉ក អំឡុងប្រតិបត្តិការវាយលុកដ៏ភ្ញាក់ផ្អើល កាលពីខែមករា។ ឥឡូវលោកស្រី កំពុងទទួលបន្ទុកដឹកនាំប្រទេសមួយ ដែលមានធនធានប្រេងក្រោមដីធំបំផុត ប៉ុន្តែសេដ្ឋកិច្ចស្ថិតក្នុងសភាពដុនដាបខ្លាំង។
ក្រោមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនអាមេរិក Hunt Overseas Oil ព្រមទាំងក្រុមហ៊ុន Crossover Energy នឹងធ្វើប្រតិបត្តិការនៅតំបន់ខ្សែក្រវាត់ Orinoco Belt ដែលជាកន្លែងប្រមូលផ្តុំចម្បង នៃធនធានប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា។ បេសកជនអាមេរិក លោក Jarrod Agen ដែលបានធ្វើដំណើរមកដល់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលប្រទេសទាំងពីរ ដំណើរការជើងហោះហើរត្រង់ឡើងវិញ ក្រោយរយៈពេល៧ឆ្នាំ បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា មកទល់ពេលនេះ វ៉េណេស៊ុយអេឡា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងពហុជាតិចម្រុះជាច្រើន មានតាំងពីក្រុមហ៊ុន Chevron, Eni និង Repsol បន្ទាប់ពីការធ្វើកំណែទម្រង់ ដើម្បីបើកចំហវិស័យថាមពលរបស់ខ្លួន។ លទ្ធភាពនៃការបង្កើនទិន្នផលប្រេងរបស់វ៉េណេស៊ុយអេឡា គឺចំពេលដែលទីផ្សារសកលកំពុងប្រឈមផលរំខានធ្ងន់ធ្ងរ ចំពោះការផ្គត់ផ្គង់ប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែវិបត្តិសង្រ្គាមអ៉ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងយ៉ាងគំហុក៕




