សហរដ្ឋអាមេរិកបញ្ចូលវៀតណាមក្នុងបញ្ជីខ្មៅនៃប្រទេសដែលមានការរំលោភកម្មសិទ្ធិបញ្ញាធ្ងន់ធ្ងរបំផុត (Video inside)

01-05-2026 19:05

(វ៉ាស៊ីនតោន)៖ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានកំណត់អត្តសញ្ញាណប្រទេសវៀតណាម ជាប្រទេសដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ឬហៅថា «ប្រទេសបរទេសអាទិភាព» ជុំវិញការរំលោភកម្មសិទ្ធិបញ្ញា នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកំណត់អត្តសញ្ញាណនេះ ត្រូវបានបម្រុងទុកសម្រាប់ប្រទេសណាដែលមានសកម្មភាព គោលនយោបាយ និងការអនុវត្តដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ផលិតផលរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា (IP)។ USTR បានបញ្ជាក់ថា នេះជាលើកដំបូងក្នុងរយៈពេល ១៣ឆ្នាំ ដែលមានប្រទេសមួយត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅកម្រិតខ្ពស់បំផុតបែបនេះ ខណៈដែលវៀតណាមត្រូវបានគេមើលឃើញថា មិនទាន់មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការចរចា ដើម្បីផ្តល់ការការពារកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព និងគ្រប់គ្រាន់នោះទេ។

ការិយាល័យ USTR នឹងសម្រេចចិត្តក្នុងរយៈពេល ៣០ថ្ងៃទៀត ថាតើត្រូវចាប់ផ្តើមការស៊ើបអង្កេតផ្លូវការក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែរឬយ៉ាងណា។ ប្រសិនបើការស៊ើបអង្កេតត្រូវបានចាប់ផ្ដើម អាមេរិកនឹងស្នើឱ្យមានការពិគ្រោះយោបល់ជាមួយវៀតណាម ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានានា ដែលអាចឈានទៅដល់ការដាក់ទណ្ឌកម្មពាណិជ្ជកម្ម ប្រសិនបើរកឃើញថាមានការរំលោភបំពានពិតប្រាកដមែន។

ដោយឡែក នៅក្នុងរបាយការណ៍ដដែលនេះ អាមេរិកបានសម្រេចដកឈ្មោះប្រទេសអាហ្សង់ទីន និងម៉ិកស៊ិកចេញពី «បញ្ជីតាមដានអាទិភាព» បន្ទាប់ពីប្រទេសទាំងពីរមានភាពប្រសើរឡើងលើការការពារកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសផ្សេងទៀតដូចជា ចិន ឥណ្ឌា ឈីលី (Chile) ឥណ្ឌូណេស៊ី រុស្ស៊ីនិងវេណេស៊ុយអេឡaនៅតែបន្តស្ថិតក្នុងបញ្ជីតាមដានអាទិភាពដដែល៕