អ៊ីរ៉ង់បញ្ជូនសំណើចរចាទៅអាមេរិក តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន ដើម្បីស្វែងរកច្រកចេញបញ្ចប់សង្គ្រាម (Video inside)

01-05-2026 23:30

(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់ បានបញ្ជូនសំណើចុងក្រោយសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកសម្របសម្រួលប៉ាគីស្ថាន ដែលនេះជាសញ្ញាវិជ្ជមានថ្មីមួយក្នុងការបំបែកភាពជាប់គាំង ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ។

ទោះបីជាទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA មិនបានបញ្ជាក់លម្អិតអំពីខ្លឹមសារនៃសំណើនោះក្តី ប៉ុន្តែព័ត៌មាននេះបានធ្វើឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះភ្លាមៗ បន្ទាប់ពីវាបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា តើសំណើរបស់អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅដល់ដៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនហើយឬនៅនោះទេ។ ស្របពេលដែលបទឈប់បាញ់កំពុងបន្តអនុវត្ត ស្ថានការណ៍នៅតែមានភាពតានតឹងខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាផែនការវាយប្រហារយោធាថ្មី ដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចូលតុចរចា ខណៈដែលភាគីអ៊ីរ៉ង់ក៏បានត្រៀមលក្ខណៈវាយបកវិញយ៉ាងចាស់ដៃ ប្រសិនបើមានការវាយប្រហារណាមួយកើតឡើងពិតមែននោះ។

គួរបញ្ជាក់ថា ការរាំងខ្ទប់ច្រកសមុទ្រហ័រមូស និងការបិទខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ពីសំណាក់កងទ័ពជើងទឹកអាមេរិក បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលប្រមាណ ២០ភាគរយនៃពិភពលោក ដែលបង្កឱ្យមានក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចសកល៕