នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ស្ថិតក្នុងទីក្រុងហាណូយ ដើម្បីជួបមេដឹកនាំវៀតណាម
02-05-2026 09:56
(ហាណូយ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi គ្រោងនឹងជួបមេដឹកនាំកំពូលវៀតណាម លោក To Lam ក្នុងទីក្រុងហាណូយ នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ខណៈប្រទេសទាំង២ កំពុងព្យាយាមពង្រឹងទំនាក់ទំនងនៅចំពោះមុខការថមថយសន្ទុះនៃការវិនិយោគរបស់ជប៉ុនក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីម្នាក់មកពីក្រសួងការបរទេសជប៉ុ បានឱ្យដឹងថាមេដឹកនាំនៃប្រទេសទាំង២ ត្រូវបានរំពឹងថានឹងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែល ត្រូវបានឯកភាពគ្នាកាលពីឆ្នាំ២០២៣ ជាមួយការផ្ដោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល បច្ចេកវិទ្យា ធនធានរ៉ែសំខាន់ៗ និងស្ថិរភាពក្នុងតំបន់។ ទិន្នន័យពីរដ្ឋាភិបាលវៀតណាមបានបង្ហាញថា ជប៉ុននៅតែជាអ្នកវិនិយោគបរទេសដ៏ធំបំផុតមួយរបស់វៀតណាម ដោយបណ្ដាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងធ្វើប្រតិបត្តិការរោងចក្រផលិតធំៗជាច្រើនក្នុងប្រទេសវៀតណាម។ តែទោះជាបែបនេះក្ដី ការវិនិយោគថ្មីៗរបស់ជប៉ុនក្នុងត្រីមាសដំបូងក្នុងឆ្នាំ២០២៦ បានថយចុះ៧៥ភាគរយ ឬមានត្រឹម ២៣៣លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
តាមមន្ត្រីជប៉ុនខាងលើដដែល លោកស្រី Takaichi ក៏ត្រូវបានរំពឹងផងដែរនឹងពិភាក្សាជាមួយមេដឹកនាំវៀតណាម ពីការដោះស្រាយបញ្ហាប្រឈមនានាដែលបណ្ដាក្រុមហ៊ុនជប៉ុនកំពុងប្រឈម ដូចជា ឧបសគ្គក្នុងការទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗពីរដ្ឋាភិបាលវៀតណាម។
គួរបញ្ជាក់ថា ជប៉ុនកាលពីឆ្នាំ២០២៥ បានប្រកាសថានឹងដកខ្លួនចេញពីគម្រោងថាមពលនុយក្លេអ៊ែរមួយក្នុងប្រទេសវៀតណាម ដោយលើកឡើងពីការរឹតត្បិតខ្លាំងពេលលើរយៈពេលនៃការសាងសង់៕




