រដ្ឋបាលលោក ត្រាំ អនុម័តការលក់អាវុធ ៨,៦ពាន់លានដុល្លារឱ្យសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា (Video inside)

02-05-2026 11:57

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរំលងការត្រួតពិនិត្យពីសភា ដើម្បីអនុម័តការលក់គ្រឿងសព្វាវុធគិតជាទឹកប្រាក់សរុប ៨,៦ពាន់លានដុល្លារ ទៅឱ្យសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា រួមមានអ៉ីស្រាអែល កាតា កូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសអាមេរិកបាននិយាយថារដ្ឋមន្ត្រីការបរទេស លោក Marco ​Rubio បានសម្រេចចិត្តថាមានភាពបន្ទាន់ក្នុងការលក់អាវុធទៅឱ្យ បណ្ដាប្រទេសទាំងនោះដោយរំលងការត្រួតពិនិត្យជាមុនរបស់សភាអាមេរិក។ ការលក់គ្រឿងសព្វាវុធក្នុងនោះរួមមានការលក់សេវាបំពេញស្ដុកគ្រាប់មីស៊ីល ឡើងវិញ និងសេវាថែទាំនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល​ Patriot របស់កាតា រួមទាំងបរិក្ខារពាក់ព័ន្ធគិតជាទឹកប្រាក់ ៤,០១ពាន់លានដុល្លារ និងប្រព័ន្ធអាវុធ Advanced Precision Kill Weapon Systems (APKWS) គិតជាទឹកប្រាក់ ៩៩២,៤លានដុល្លារ។

ការប្រកាសរបស់ក្រសួងការបរទេសអាមេរិក ក៏រួមមានផងដែរការអនុម័តការលក់ទៅឱ្យកូវ៉ែត នូវប្រព័ន្ធទីបញ្ជាការប្រយុទ្ធរួមគិតជាទឹកប្រាក់ ២,៥ពាន់លានដុល្លារ និងប្រព័ន្ធអាវុធ Advanced Precision Kill Weapon Systems ទៅឱ្យអ៉ីស្រាអែល ៩៩២,៤លានដុល្លារ រួមទាំងការអនុម័ត ការលក់ប្រព័ន្ធ APKWS គិតជាទឹកប្រាក់ ១៤៦,៦លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម៕